ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១២ និង ៥០នាទី ថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ លោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានទទួលពាក្យបណ្ដឹងពីបុរសម្នាក់ជាម្ចាស់ទូរស័ទ្ធ ដែលមិនបញ្ចេញឈ្មោះថា មានចោរលួចទូរស័ទ្ទដៃ១គ្រឿង ។
ក្រោយពីលោកបានទទួលពាក្យបណ្ដឹងរួច លោកយ៉ែម សារិទ្ធ ក៏បញ្ជាឲ្យ កម្លាំងផ្នែកព្រហ្មទណ្ឌ ដែលដឹកនាំដោយលោកអនុសេនីយ៍ឯក ជ ម៉ាញ អធិការរងទទួលបន្ទុក បានស្រាវជ្រាវ និងឃាត់ខ្លួនជនដៃដល់ម្នាក់ ឈ្មោះ សួន ខាង ហៅយួន ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន សង្ស័យពាក់ព័ន្ធទៅ នឹងករណីលួចទូរស័ព្ទដៃមិនបានសម្រេច កាលពីវេលាម៉ោង ១ និង ២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់ ហេង ហេង ស្ថិតក្នុង ភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ក្រោយពីបានសាកសួរ ជនសង្ស័យបានសារភាពថា ពិតជាបានចូលលួចទូរស័ព្ទដៃ នៅចំណុចផ្ទះសំណាក់ហេង ហេង ពិតប្រាកដមែន ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាក់ការតាមនីតិវិធី ៕ ស សារ៉េត