ថ្មីៗនេះប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថាឈ្មួញឈ្មោះ ចែភក្ដិ និងប្ដីដែលអាងមានខ្នងបង្អែករឹងមាំនៅតែឈរជើងចាំប្រមូលទិញឈើនៅចំណុចផ្លូវបំបែកស្ទឹងទី៣ ក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ និងបក្ខពួកគឺជាអ្នកឃុបឃិតឲ្យឈ្មួញឈ្មោះ ចែភក្ដិ និងប្ដី អាចឈរជើងប្រមូលទិញឈើដឹកចេញពីស្រុកភ្នំក្រវាញ យ៉ាងរលូនដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ការដែលលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការសម្របសម្រួលពីសំណាក់លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងមេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ផងដែរ ទើបឈ្មួញឈ្មោះ ចែភក្ដិ និងប្ដីអាចឈរជើងចាំទិញឈើផ្ដាច់មុខនៅចំណុចភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ។
សមត្ថកិច្ចមូលដ្ឋានក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ បានឲ្យដឹងថា កន្លងមកសមត្ថកិច្ច បានសហការគ្នាបង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកភ្នំក្រវាញ ជាបន្តបន្ទាប់ ប៉ុន្តែសម្រាប់ឈ្មួញឈ្មោះ ចែភក្ដិ និងប្ដី មិនដែលប្រឈើនឹងការបង្ក្រាបម្ដងណាឡើយ។ ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានបង្ហើបឲ្យដឹងថា លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងមេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ជាបង្អែករឹងមាំរបស់ឈ្មួញឈ្មោះ ចែភក្ដិ ដូច្នេះហើយទើបឈ្មួញម្នាក់នេះហ៊ានធ្វើសកម្មភាពទិញឈើនិងដឹកជញ្ជូនឈើយ៉ាងគឃ្លើនគ្មានញញើតអ្វីឡើយ។ សម្រាប់លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកភ្នំក្រវាញ មានតែជួយសម្របសម្រួលឲ្យឈ្មួញឈ្មោះ ចែភក្ដិ និងប្ដី អាចប្រមូលទិញឈើបានច្រើនហើយដឹកជញ្ជូនឈើចេញទៅដល់គោលដៅយ៉ាងសុខស្រួលទៀតផង។
មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានឈ្មួញតូចតាចដឹកជញ្ជូនឈើតាមគោយន្តឬរថយន្តមកលក់ឲ្យឈ្មួញឈ្មោះ ចែភក្ដិ និងប្ដី ដល់ចំណុចភូមិវាល ឃុំសំរោង ដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ទាល់តែសោះ។ នៅពេលប្រមូលទិញឈើបានច្រើនទើបឈ្មួញឈ្មោះ ចែភក្ដិ ដឹកជញ្ជូនឈើទាំងនោះទៅលក់តាមគោលដៅរបស់ខ្លួនយ៉ាងសុខស្រួល ព្រោះឈ្មួញឈ្មោះ ចែភក្ដិ និងប្ដី មានទំនាក់ទំនងជិតស្និទ្ធជាមួយសមត្ថកិច្ចតាមដងផ្លូវ ក៏ដូចជាមន្ត្រីជំនាញគ្រប់ស្ថាប័ន។ បញ្ហានេះគឺជារឿងដែល លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងមេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ កំពុងបណ្ដោយឲ្យឈ្មួញឈ្មោះ ចែភក្ដិ និងប្ដី ធ្វើអ្វីៗតាមអំពើចិត្ត ៕