ខេត្តក្រចេះ ៖ ជនសង្ស័យប្រើអំពើហិង្សាយកដែកជើងជ្រូក (ដែកគាស់ដែកគោល)វាយប្រពន្ធរបស់ខ្លួនចំកញ្ចឹងករហូតដល់ស្លាប់ ដោយសារតែទាស់ពាក្យសំដីរឿងបណ្តែតបណ្តោយឲ្យចៅដើលេងនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ។
ករណីឃាតកម្មសម្លាប់ប្រពន្ធខ្លួនឯងនោះ បានកើតឡើងនៅវេលាម៉ោងប្រហែល ១៧និង០៥នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចដង្ហឹត ភូមិប្រឡាយត្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះត្រូវជាប្រពន្ធឈ្មោះ យ៉ុក ម៉ូច អាយុ៥២ឆ្នាំ ជនជាតិខ្មែរតរស់នៅ ភូមិ ឃុំកើតហេតុខាងលើ ហើយជនសង្ស័យឈ្មោះ សួន ពិសិដ្ឋ ត្រូវជាប្តីជនរងគ្រោះ អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិសេរីសុខា ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។
ប្រភពបន្តថា ផ្តើមឲ្យមានអំពើឃាតកម្មនោះ មូលហេតុដោយសារប្រកែកគ្នារឿងចៅដើរលេងបង្កឲ្យមានកំហឹងទប់លែងបាន ឈានដល់ប្រើអំពើហិង្សា យកដែកគាស់ទៅវាយប្រពន្ធចំកញ្ចឹងកស្លាប់តែម្តង ។
សមត្ថកិច្ចបានប្រាប់ថា ដែកគាស់ដែលប្តីទាញយកទៅវាយប្រពន្ធនោះប្រវែងប្រហែល៧តឹក ហើយវាយទៅលើប្រពន្ធត្រូវចំកញ្ជឹកកផ្នែកខាងស្តាំបណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង ។
ជនសង្ស័យ បន្ទាប់ពីបានធ្វើសកម្មភាពប្រើអំពើហិង្សា សម្លាប់ប្រពន្ធរួចក៏បានជិះម៉ូតូគេចទៅបាត់ភ្លាមៗដែរ ។
បន្ទាប់មកអ្នកជិតខាងមានការសង្ស័យក្រោយពីលឺសំឡេងឈ្លោះប្រកែកគ្នារួច ស្រាប់តែលែងលឺសំឡេឈ្លោះតបតគ្នា ឃើញតែប្តីជិះម៉ូតូចេញ ក៏ឡើងផ្ទះទៅមើល ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើផ្ទះនោះបាត់ទៅហើយ ។
ប្រភពពីអ្នករស់នៅជិតខាងថា ប្តីប្រពន្ធកើតហេតុខាងលើតែងតែឈ្លោះប្រកែកគ្នាញឹកញាប់ ស្ទើរជារៀងរាល់ថ្ងៃទៅហើយ រហូតឈានដល់មានករណីអំពើឃាតកម្មនេះតែម្តង ។
នៅថ្ងៃបន្ទាប់ពីកើតហេតុ សមត្ថកិច្ចក៏បានតាមរកភ្លាមៗជនសង្ស័យរហូតដល់ស្រុកតំបែរ និងបានសហការជាមួយលោកអធិការស្រុកតំបែរទើបចាប់ឃាត់ខ្លួនបាននៅក្នុងថ្ងៃនោះដែរ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបាននាំមកឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋានខេត្តក្រចេះដើម្បីធ្វើកណត់ហេតុបញ្ជូនទៅសាលាដំបូងខេត្តផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ជីវន្ត័