ខេត្តកណ្ដាល៖ យុវជនម្នាក់បានទិញទឹកត្នោតជូរផឹកជាមួយមិត្តភក្តិ រហូតស្រវឹងជោកជាំ រួចសុំលុយម្ដាយរបស់ខ្លួនចំនួន២ម៉ឺនរៀង តែម្ដាយមិនអោយ ខឹងក៏ស្ទុះទៅយកចបជីកមកវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ អស់មួយចំនួន ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ា វឌ្ឍន: ភេទប្រុស អាយុ២៩ឆ្នាំ រីឯស្ត្រីរងគ្រោះជាម្ដាយឈ្មោះ ម៉ា ធីតា អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យនិងស្រ្តីរងគ្រោះមានទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមានចបជីកធ្វេីពីដែកបំពង់ទីបចំនួន១ ប្រវែង១០០សង់ទីម៉ែត្រ ។
ប្រភពដដែលបន្តថា មុនពេលកេីតហេតុ ជនសង្ស័យបានទៅផឹកទឹកត្នោតជូរជាមួយមិត្តភ័ក្រនៅក្នុងភូមិ រហូតដល់ស្រវឹងជោកខ្លួន ហេីយត្រឡប់មកដល់ផ្ទះវិញ បានទារលុយពីស្ត្រីរងគ្រោះជាម្តាយចំនួន២ម៉ឺនរៀល តែម្តាយមិនឲ្យ ស្រាប់តែជនសង្ស័យខឹង ក៏បានស្ទុះទៅយកចបជីកមកវាយកញ្ចក់ទ្វារផ្ទះខាងមុខបែកអស់ រួចបន្តទៅវាយកញ្ចក់ឡានម៉ាក VISTO បណ្តាលឲ្យបែកកញ្ចក់ក្រោយ និងវាយថូផ្កាបន្ថែមទៀត ទេីបស្ត្រីរងគ្រោះប្តឹងមកសមត្ថកិច្ចឲ្យជួយចុះអន្តរាគមន៍ឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ