ខេត្តកំពង់ចាម ៖ ផ្ទះពលរដ្ឋខ្មែរឥស្លាមចំនួនពីរ ទៅបានអគ្គិភ័យឆេះបំផ្លាញផ្ទះ និងទ្រព្យសម្បត្តិមួយចំនួនស្ទើរអស់ទាំងស្រុងដោយសារតែឆ្លងចរន្តអគ្គិសនី បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៤ និង១៥នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នៅ ចំណុចក្រោយវិហារឥស្លាម ស្ថិតក្នុងភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
លោកវរសេនីយ៍ទោ អឹុង ប៊ុន អធិការនគរបាលក្រុងកំពង់ចាមបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ១. ឈ្មោះ ស្មាន សម្រស់ ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរលក់ដូរ ផ្ទះថ្មក្រោមឈើលើ ទំហំ(៨ម៉ែត្រ គុណ១០ម៉ែត្រ) មាន ៣បន្ទប់ ។ ចំណែកសម្ភារខូចខាតរួមមាន តុចំនួន ១ ទូចំនួន ១ គ្រែចំនួន ៤ ម៉ាញ៉េចំនួន ១ ទូរស័ព្ទចំនួន ១គ្រឿង ទូរទស្សន៍ចំនួន ១ លុយដុល្លារចំនួន ៧០០ដុល្លារ ។ ផ្ទះនេះឆេះអស់ទាំងស្រុង ខណៈដែលម្ចាស់ផ្ទះមិននៅទុកកូន២ នាក់នៅដេកចាំផ្ទះ ។
ម្ចាស់ផ្ទះរងគ្រោះ ២.ឈ្មោះ ម៉ូសា ភេទ ប្រុស អាយុ៤៦ឆ្នាំ មុខរបរធ្វើចំការ បណ្ដាលឲ្យខូចខាតជញ្ជាំងមួយចំហៀង។ ផ្ទះថ្មក្រោមឈើលើ ទំហំ(៦ម៉ែត្រគុណ៨ម៉ែត្រ) បណ្ដាលឲ្យខូចខាត ជញ្ឆាំងផ្ទះ ផ្នែកខាងឆ្វេង មួយចំហៀង ។
លោកវរសេនីយ៍ទោ អឹុង ប៊ុន អធិការនគរបាលក្រុងកំពង់ចាមបានឲ្យដឹងបន្តថា បន្ទាប់ពីទទួលបានព័ត៌មានឆេះផ្ទះប្រជាពលរដ្ឋលោកបានដឹកនាំ និងបញ្ជាកម្លាំងទាំងអស់ចំណុះអធិការដ្ឋានក្រុង ចុះសហការជាមួយកម្លាំងការិយាពន្លត់អគ្គិភ័យខេត្ត និងកម្លាំងសហការផ្សេងៗទៀត រួមទាំងកម្លាំងអន្តរាគមន៍ខេត្ត កម្លាំងនគរបាលប៉ុស្តិ៍ ប្រជាការពារ និងប្រជាពលរដ្ឋមូលដ្ឋាន ចុះអន្តរាគមន៍ជួយពន្លត់បាន រលត់ទាំងស្រុង (រលត់១០០%) នៅម៉ោង ៥:០០ នាទី ។
លោកបញ្ជាក់ថា មូលហេតុ ឆ្លងចរន្តអគ្គិនី ក្នុងនោះជាលទ្ធផលសមត្ថកិច្ចបានពន្លត់រលត់អស់១០០% ដោយប្រើប្រាស់អស់រថយន្តអគ្គិភ័យចំនួន០៣ គ្រឿង ប្រើប្រាស់អស់ទឹក០៤ រថយន្ត ។ ហេតុការណ៍នេះ មិនបណ្ដាលឲ្យរបួសមនុស្សណាម្នាក់ឡើយ ៕ វណ្ណៈ