ព័ត៌មានទាន់ហេតុការណ៍៖

សិល្បករចែករំលែកក្តីស្រឡាញ់ និងអំពាវនាវឲ្យបំបាត់ការកេងប្រវ័ញ្ចគ្រប់រូបភាពលើកុមារ

ចែករំលែក៖

ភ្នំពេញ៖ សិល្បករមួយចំនួនបានលេចមុខរួមគ្នាលើសកម្មភាពសង្គម និងសប្បុរសធម៌ចំថ្ងៃទិវាកុមារអន្តរជាតិ១មិថុនា ។ ពួកគេអំពាវនាវឲ្យមានយុទ្ធនាការរួមគ្នាលើការលើកកម្ពស់សិទ្ធិកុមារ និងបំបាត់ការកេងប្រវ័ញ្ចគ្រប់រូបភាពពីកុមារ ។

សិល្បករដែលបានបង្ហាញមុខចែកអំណោយ ក្តីស្រឡាញ់ និងផ្ញើសារអប់រំដល់មហាជននោះមានដូចជាអតីតតារាសម្តែង លោក យុត្ថារ៉ាឆានី លោក ចនច័ន្ទ តារា កញ្ញា ពីន រ៉ូស្សា កញ្ញា ចាន់កាន់ កញ្ញា យិន ស្រីពៅ កញ្ញា យ៉ាយ៉ា កញ្ញា ណាណា លោក ហេង សុវណ្ណវីឡា និងសិល្បករជាច្រើនរូបទៀត ។ ពួកគាត់បានចុះចែកអំណោយដោយផ្ទាល់ដៃដល់កុមារកំព្រា និងផ្ទុកមេរោគអេដស៍ប្រមាណជាង២០០នាក់នៅអង្គការគ្រសារកុមារកំព្រាឈូករ័ត្ន នាខណ្ឌដង្កោរ ។ អំណោយទាំងនោះមានដូចជា សម្ភារៈសិក្សា សម្លៀកបំពាក់ ថវិកាមួយចំនួនផងដែរ ។

លោក ចនច័ន្ទ តារា បានបញ្ជាក់ថា លោកពិតជាស្លុតចិត្តនៅពេលដែលទៅដល់ផ្ទាល់ជួបកុមារកំព្រា ពិសេសប្អូនៗដែលមានផ្ទុកមេរោគអេដស៍ដែលឆ្លងពីម្តាយឪពុក ដែលស្លាប់បាត់បង់ជិវិតកន្លងទៅ ។ លោកថាទោះជាយ៉ាងណាពួកគាត់ទទួលបានការស្នាក់នៅ និងទទួលបានការបណ្តុះបណ្តាល និងធ្វើឲ្យលោកនឹកគិតដល់ក្មេងៗមួយចំនួនដែលទទួលរងការរំលោភបំពានផ្លូវភេទ រងអំពើហិង្សា ការស្អប់ខ្ពើម និងការកេងប្រវ័ញ្ចកម្លាំងពលកម្មជាដើម ហើយមិនទទួលបានសិទ្ធិសេរីភាព និងការអប់រំស្របទៅនឹងសិទ្ធិដែលពួកគេត្រូវតែទទួលបាន ។

ថ្លែងក្នុងថ្ងៃទិវាសិទ្ធិកុមារអន្តរជាតិនេះលោកស្នើឲ្យមានការរួមគ្នាមួយក្នុងការលើកកម្ពស់សិទ្ធិសេរីភាព ការផ្តល់ដល់កុមារនូវឱកាសអប់រំ អាហាររូបត្ថម្ភគ្រប់គ្រាន់ ការកម្សាន្តជួបជុំ ការស្លៀកពាក់សមរម្យជាដើម ។ លោកថាអ្វីដែលសិល្បករទាំងអស់រួមគ្នានៅពេលនេះគឺជាការផ្តល់កម្លាំងចិត្ត ជំរុញទឹកចិត្តឲ្យពួកគាត់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ជម្នះ និងតស៊ូក្នុងឆាកជិវិតបើទោះបីជាកើតមកក្នុងនាមជាក្មេងកំព្រាក៏ដោយ ។

លោកថានេះគឺជាការចែករំលែកក្តីស្រឡាញ់ និងផ្ញើសារទៅកាន់មហាជនឲ្យបន្តការខិតខំប្រឹងប្រែងរួបរួមសាមគ្គី ដើម្បីជួយដល់សង្គមទៅតាមលទ្ធភាព ។ លោកសង្ឃឹមថាក្មេងកំព្រាទាំងអស់ និងទទួលបានឱកាសសិក្សាគ្រប់គ្រាន់ និងក្លាយជាទំពាំងដ៏រឹងមាំស្នងឬស្សីបានល្អនៅថ្ងៃអនាគត៕ វឌ្ឍនា


ចែករំលែក៖