ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ជ័យជំនះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈដែលឮសូរសម្រែកប្រជាពលរដ្ឋស្រែកថាចោរៗ ហើយជនរងគ្រោះរត់ដេញតាមពីក្រោយ រហូតដល់ចំណុចកែងផ្លូវលេខ២៤០ ក៏ត្រូវកម្លាំងប៉ុស្តិ៍កំពុងល្បាតឃើញជួយធ្វើអន្តរាគមន៍ចាប់ក្របួចជាប់តែម្តង ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃអាទិត្យ១៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខព្រះបរមរាជវាំងផ្លូវលេខ២១៤ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យ ដែលឃាត់ខ្លួន ឈ្មោះ សុខ សំរិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ រីឯវត្ថុតាងចាប់យកមានម៉ូតូមួយគ្រឿង ម៉ាកHONDA C125ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ1AM 7594(ជារបស់ជនរងគ្រោះ)។ ចំណែកជនរងគ្រោះឈ្មោះគុណ លឹមពៅ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ ស្នាក់នៅផ្ទះលេខ៧៧ ផ្លូវលំភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុខពេលកើតហេតុថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨យប់ ជនរងគ្រោះបានជិះម៉ូតូម៉ាកHONDA C125 ពណ៌សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ1AM7594ចេញពីផ្ទះមកជួយលក់ប្រហិតចៀនប្រពន្ធនៅមុខព្រះបរមរាជវាំង ពេលមកដល់ជនរងគ្រោះបានយកម៉ូតូជិះចូលក្នុងបារ៉ាស់ការពារផ្លូវលេខ២១៤ ហើយឈប់ម៉ូតូអែបចិញ្ចើមផ្លូវចតទុក រួចដើរទៅជួយលក់ប្រពន្ធនៅក្បែរនោះ ។ លុះដល់ម៉ោង២១និង៣០នាទី ជនរងគ្រោះបានងាកមកមើលម៉ូតូ ស្រាប់តែឃើញជនសង្ស័យ ឈ្មោះសុខ សំរិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំបានលួចយកម៉ូតូឡើងជិះចេញទៅតាមផ្លូវសុធារសទៅទិសខាងត្បូងជនរងគ្រោះ ក៏ស្រែកឆោឡោរត់ដេញតាមពីក្រោយមកដល់ចំណុចកែងផ្លូវលេខ២៤០ ក៏ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះដែលកំពុងល្បាតឃើញក៏អន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យរួមជាមួយវត្ថុតាងម៉ូតូ០១គ្រឿងម៉ាកHONDA C125 ពណ៌សំបកឪឡឹកស្លាកលេខភ្នំពេញ1 AM7594 ដែលជារបស់ជនរងគ្រោះយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះធ្វើការសាកសួរ។
ក្រោយឃាត់ខ្លួនជនសង្ស័យ រួចចំពោះមុខកម្លាំងប៉ុស្តិ៍ និងខណ្ឌ កំពុងប្រើវិធានការជំនាញសួរចម្លើយរកបក្ខពួកធ្វើសកម្មភាព ដែលបានប្រព្រឹត្តកន្លងមក និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕ស រស្មី