ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនខ្មាន់កាំភ្លើង ដែលបាញ់ក្នុងខារ៉ាអូខេ​ ប៊ី​​ ហ្គោល ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្ដាល៖ នៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ខ្មាន់កាំភ្លើងដែលបាញ់ក្នុងខារ៉ាអូខេ​ ប៊ី​​ ហ្គោល បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់នៅក្រុងតាខ្មៅ​​​ ត្រូវបានលោក ឯក​ ស៊ុនរស្មី​​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល សម្រេចចោទប្រកាន់ពីបទ “ធ្វើឲ្យខូចខាតដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” តាមមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ និង មាត្រា២០ នៃច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ និងបញ្ជូនសំណុំរឿងទៅលោក គឹម រត្ន័ណារិន ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីកា ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នហើយ ។

ជនជាប់ចោទមានឈ្មោះ​សាន សុច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ យោធា មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សូមរំលឹកថា​៖ ករណីផ្ទុះអាវុធជាច្រើនគ្រាប់បង្កឲ្យ មានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ និងធ្វើឲ្យនារីៗដែលបំរើការងារនៅក្នុងខារ៉ាអូខេ ប៊ី ហ្គោល នោះបានរត់បាតជើងសព្រាត​ដោយព្រលឹងចុងសក់ មិនតែប៉ុណ្ណោះធ្វើឲ្យអ្នកបើករថយន្តកុងតឺន័រភ័យលួសព្រលឹងដោយសារគ្រាប់កាំភ្លើងហោះផ្លោងទៅចំកញ្ចក់រថយន្តដែលកំពុងធ្វើដំណើរនៅមុខទីតាំងនោះ​ ។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង២០ និង៣០នាទីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចហាងខារ៉ាអូខេ B-Gold ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ខ្មាន់កាំភ្លើងបន្ទាប់ពីធ្វើការបាញ់ហើយបានបន្សល់ទុកមានស្រោមកាំភ្លើងពណ៌ខ្មៅចំនួន០១ សោរ ម៉ូតូ១ចង្កោម(កូនសោរម៉ូតូ១កូនសោររថយន្ត១ តេឡេរថយន្ត១) គ្រាប់កាំភ្លើងខ្លី ម៉ាកឡុកចំនួន០៤ បាញ់ផ្ទុះ អស់៣គ្រាប់(លេខA-USA 9MM-LUGER) ។ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ សេរី២០១៩ ចូលផឹកស៊ីច្រៀងខារ៉ាអូខេ នៅហាងB Gold បន្ទប់លេខ888 ជាមួយមិត្តភក្ត្រ ប្រុស០២នាក់ទៀត មិនស្គាល់ឈ្មោះ ។ រួចមកក៏បានឈ្លោះប្រកែកគ្នា ហើយគេឃើញជនសង្ស័យដើរចេញមកក្រៅហាងចាក់កែបម៉ូតូ
យកកាំភ្លើងខ្លីម៉ាកឡុកពណ៌ខ្មៅ យកដើរចូលទៅបាញ់ក្នុងហាងបាញ់ចំនួន០៤គ្រាប់ ហើយផ្ទុះ០៣គ្រាប់ ហើយស្រែកថា អញឈ្មោះ អាសុច អាណាខ្លាំងចេញមកអញ បាញ់ឲ្យងាប់!! រួចហើយជិះម៉ូតូតាមផ្លូវ១១៥ទៅទិសខាងលិចរួចបាញ់ឡើងលើ០១គ្រាប់ទៀត តែមិនបណ្តាលឲ្យមានអ្នករបួសហើយគេចខ្លួនបាត់ទៅ ៕ ឆ ដា


ចែករំលែក៖