ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងលាយឡំខ្យល់កន្រ្តាក់ បណ្ដាលឲ្យឃ្លាំងមួយរលំ និងប៉ើងដំបូលទើលើខ្សែកាប្លិ៍ភ្លើង

ចែករំលែក៖

ភ្នំពេញ៖ ភ្លៀង១មេលាយឡំខ្យល់កន្រ្តាក់ ឃ្លាំងក្រុមហ៊ុនផែស្ងួតមួយ បានដួលរលំ និងប៉ើងដំបូលហើរទៅទើរលើខ្សែកាប្លិ៍ភ្លើង បណ្ដាលឲ្យដាច់ និងទុស្សេបង្កការភ័យខ្លាចដល់ប្រជពលរដ្ឋយ៉ាងខ្លាំង ម្យ៉ាងទៀតផ្លូវ១ខ្សែត្រូវបានបិទមិនឲ្យមានការធ្វើដំណើរឆ្លងកាត់ឡើយ ព្រោះខ្លាចមានគ្រោះថ្នាក់ដោយចរន្តអគ្គិសនីឆក់ ។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៤ និង ២០នាទីរសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ហើយឃ្លាំងផែស្ងួតនោះ គ្មានស្លាកយីហោឡើយ ស្ថិតនៅតាមបណ្ដោយផ្លូវព្រៃស ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានភ្លៀង១មេធ្លាក់ខ្លាំងលាយឡំជាមួយនឹងខ្យល់កន្រ្តាក់ផងដែរ ខណៈនោះ ម្នាក់ៗមិនមាននរណាហ៊ានចេញក្រៅផ្ទះឡើយ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់ខ្លួន ។ លុះដល់ពេលរាំងភ្លៀងស្ងប់ខ្យល់ស្រាប់តែឃើញឃ្លាំងផែស្ងួតមួយនោះប៉ើងដំបូលហើរទៅទើរលើខ្សែកាប្លិ៍ភ្លើង និងរលំ បណ្ដាលឲ្យដាច់ខ្សែភ្លើងទុស្សេបែកផ្កាភ្លើងគួរឲ្យខ្លាច ។

ប្រភពដដែលបានបន្តថា ខណៈនោះមិនដឹងថា តើមានមនុស្សប៉ុន្មាននាក់រងរបួស និងមានអ្នកស្លាប់ឬអត់នោះឡើយ បន្ទាប់ពីឃើញបែបនេះអាជ្ញាធរមូលដ្ឋានបានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យមើល ពីទំហំនៃការខូចខាត ហើយមានអ្នករបួស និងស្លាប់ ឬអត់ ។ ប៉ុន្តែត្រូវបានខាងក្រុមហ៊ុនមិនសហការ ព្រមទាំងបញ្ជាឲ្យសន្តិសុខរារាំងមិនឲ្យចូលទៅពិនិត្យឡើយ ហាក់មានរឿងអ្វីមួយត្រូវបិទបាំង បន្ទាប់មកដោយសារតែខ្សែភ្លើងដាច់រញេរញ៉ៃ និងទុស្សេចរន្តជាបន្តបន្ទាប់ ខ្លាចមានគ្រោះថ្នាក់ដល់អ្នកដំណើរឆ្លងកាត់ទើបអាជ្ញាធរសម្រេចបិទផ្លូវនោះជាបណ្ដោះអាសន្នសិន រង់ចាំចំណាត់ការបន្ត ៕ សុខាសែនជ័យ​


ចែករំលែក៖