ខេត្តកំពង់ឆ្នាំង៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលស្រឡាង់កំពង់ឆ្នាំង កំពង់លែងបានធ្វើដំណើរដល់ពាក់កណ្តាលទន្លេ ស្រាប់តែមានស្រ្តីម្នាក់ដែលមានផ្ទៃពោះគ្រប់ខែ បានឈឺពោះឆ្លងទន្លេ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ។
ក្រុមគ្រួសារបានឲ្យដឹងថា ស្រ្តីរូបនេះ មានឈ្មោះ ចិត្ត សំណាងកន្កិកា អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង បានធ្វើដំណើរទៅខេត្តសៀមរាប ជាមួយនឹង ម្ដាយឈ្មោះ ឡាយ លក្ខិណា ឪពុកឈ្មោះ ណាត ជាគ្រូលក់ថ្នាំខ្មែរ ។
ក្រុមគ្រួសារបានឲ្យដឹងទៀតថា ពួកគាត់បាននាំគ្នាធ្វើដំណើរទៅខេត្តសៀមរាប ជាមួយ និងកូនស្រីរបស់គាត់ដែលមានផ្ទៃពោះគ្រប់ខែដើម្បីទៅសម្រាលកូន នៅខេត្តសៀមរាប នៅព្រឹកនោះ ពួកគាត់នាំគ្នាជិះរថយន្ត ឡើងស្រឡាង ឆ្លងទៅកំពង់លែង ដើម្បីធ្វើដំណើរបន្តទៅខេត្តសៀមរាប ។ ប៉ុន្តែនៅពេលដែលស្រឡាងបានចេញពីច្រាំង ផុតដល់ពាក់កណ្តាលផ្លូវទៅហើយ ស្រាប់តែកូនស្រីរបស់គាត់ ឈឺពោះឆ្លងទន្លេ ពេលនោះ គាត់មិនដឹងគិតយ៉ាងណានោះដែរ ហើយម្តាយដែលមកជាមួយ ក៏ជួយបង្កើតកូននេះតែម្តង ហើយបានសម្រាលកូនប្រកបដោយសុវត្ថិភាព ។
ពេលដល់កំពង់ចម្លង ខាងកំពង់លែង ក្រុមគ្រួសារបានប្រញាប់ប្រញាល់ដឹកក្រុមគ្រួសារយកទៅមណ្ឌលសុខភាព ដើម្បីឲ្យគ្រូពេទ្យជួយបន្តតាមជំនាញរបស់គ្រូពេទ្យ ។ គ្រូពេទ្យនៅទីនោះ បានបញ្ជាក់ថា ទារកដែលសម្រាលមកនេះ មានទម្ងន់៣គីឡូក្រាម មានសុខភាពល្អ ចំពោះ ម្តាយ ក៏មានសុខភាពល្អផងដែរ ៕ ចន្ថា