ខេត្តព្រះសីហនុ៖ នគរបាលមូលដ្ឋានស្រុកព្រៃនប់បានប្រាប់ថា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ០៨.០០នាទីព្រឹក នៅចំណុចលើផ្លូវរថភ្លើងស្ពានទឹកថ្លា ស្ថិតក្នុងភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រទះឃើញសាកសពមនុស្សម្នាក់ សាកសព (មិនស្គាល់អត្តសញ្ញាណ) មានសភាពដាច់ក្បាល ដាច់ដៃឆ្វេង ជើងឆ្វេងមួយកំណាត់ត្រឹមភ្លៅ មានស្នាមរលាត់ពេញខ្លួនប្រាណ និងរបូតខោអាវចេញពីខ្លួនអស់ ហើយក្បាលសាកសពដាច់ពីខ្លួនសាកសព ប្រហែល ប្រមាណ១០០០ម៉ែត្រ ក្នុងនោះឃើញមានខោ អាវ លុយ និងមានស្បោងចងទុយយោ និងស្លាបព្រា ធ្លាក់តាមបណ្តោយផ្លូវជាច្រើនបំណែក។
ចំពោះករណីនេះ តាមការពិនិត្យ ស្រាវជ្រាវលើសាកសព និងកន្លែងកើតហេតុ នគរបាលសន្និដ្ឋានថា ជាករណីគ្រោះថ្នាក់ចរាចរលើផ្លូវដែក រថភ្លើងបើកកិន ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិសាកសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ