ភ្នំពេញ៖ សិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនបាបបង្ហាញវត្តមានក្នុងកម្មវិធីជប់លៀងប្រកាសបញ្ចប់ការផលិតភាពយន្តភាគរឿង រៃប្តូទ្រនុំ និងរឿង ពិសស្នេហ៍ ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេង៥កាលពីរាត្រីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២អមដោយការចូលរួមពីសំណាក់ផលិតករ ក្នុងរឿងទាំងពីខាងលើផងដែរ ។
ក្រុមផលិតករដែលបានចូលរួមក្នុងកម្មវិធីនេះបានបញ្ជាក់ថា ក្រោយពីប្រឹងប្រែងផលិតដោយយកចិត្តទុកដាក់ ទាំងពីសំណាក់ក្រុមការងារបច្ចេកទេស និងសិល្បករ រឿង រៃប្តូទ្រនុំ “ និងរឿង ពិសស្នេហ៍ បានបញ្ចប់ការផលិតប្រកបដោយជោគជ័យ ។ ផលិតករបញ្ជាក់ដែរថា ភាពយន្តទាំងពីសុទ្ធតែមានចំណុចទាក់ទាញរៀងខ្លួន ពិសេសសាច់រឿងដែលពោរពេញដោយខ្លឹមសារអប់រំ ប្រទាក់ក្រលា ។ រឿងទាំងពីរត្រូវបានផលិតដោយថតនៅទីតាំងសំខាន់ជាច្រើន ពិសេសខេត្តដែលមានទេសភាពស្អាត និងត្រូវទៅនឹងសាច់រឿងខណៈដែលរឿង ពិសស្នេហ៍ នឹងធ្វើការចាក់បញ្ជាំងក្នុងអំឡុងខែសីហាឆ្នាំ២០១៩ និងរឿង រៃប្តូទ្រនំ និងត្រូវចាក់បញ្ចាំងនៅក្នុងអំឡុងខែតុលា ឆ្នាំ២០១៩ខាងមុខ ។
តួឯកស្រីក្នុងរឿង រៃប្តូទ្រនុំ កញ្ញា ផាត់ ផាន់ណា បានបញ្ជាក់ថានេះគឺជាភាពយន្តដែលឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់នារីដែលធ្វើដំណើរមកពីជនបទ មករស់នៅទីក្រុង និងប្រឹងប្រែងក្នុងនាមជីវិតជាសិល្បករ ។ ទោះជាយ៉ាងណាជីវិតនាងជួបរឿងរ៉ាវជាច្រើន រួមទាំងការធ្វើទុក្ខបុកម្នេញ ដែលមានឈុតឆាក កាច់កុង ឈ្នានីស និងបង្កប់ដោយអត្ថន័យអប់រំច្រើន ។ ក្នុងរឿងនេះនាងត្រូវបានសម្តែងជាតួឯករួមជាមួយលោកលេង មង្គល ។ ភាពយន្តភាគថ្មីនេះក៏មានការចូលរួមសម្តែងពីសំណាក់តារាប្រុសស្រីល្បីឈ្មោះជាច្រើនមានដូចជា កញ្ញា នីតា វរវង្ស កញ្ញា ភី យ៉ាដា លោក សន ពិសិដ្ឋ អ្នកនាង ឆៃ លីដាឡែន និងសិល្បករជាច្រើនទៀត ។
តួឯកស្រីក្នុងរឿង ពិសស្នេហ៍ កញ្ញាព្រះកាយច័ន្ទ វិញបញ្ជាក់ថា ក្នុងភាពយន្តនេះឆ្លងកាត់ការលំបាកជាច្រើនទាំងសម្រាប់សិល្បករ និងផលិតករព្រោះតែភាពយន្តនេះមានការលាយបញ្ចូលគ្នាទាំងឈុតឆាកបុរាណ និងសម័យ ដែលឈុតបុរាណត្រូវប្រើប្រាស់ទាំងសម្ភារៈ ការតុបតែងខ្លួន និងភាសារាជស័ព្ទផងដែរ ។ ទោះជាយ៉ាងណាការខិតខំប្រឹងប្រែងរបស់សិល្បករផលិតករ និងក្រុមការងារទាំងអស់អាចសម្រេចបាលទ្ធផលគួរជាទីមោទនៈ ។ នាងថាក្នុងរឿងនាងត្រូវសម្តែងជាតួឯកស្រីកម្សត់ជួបរឿងរ៉ាវជាច្រើន ប៉ុន្តែនាងពិតជាពេញចិត្តខ្លាំងសម្រាប់ឈុតឆាកនៃការរាំរបាំក្បាច់បុរាណខ្មែរ ដែលនាងធ្លាប់បានហ្វឹកហាត់កន្លងមក ។ នាងរំពឹងថាស្នាដៃថ្មីដែលនាងសម្តែងនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនជាក់ជាមិនខាន៕ វឌ្ឍនា