ភ្នំពេញ៖ កម្លាំងជំនាញគ្រឿងញៀនខណ្ឌដូនពេញ និងប៉ុសិ៍្តរដ្ឋបាលស្រះចក ដឹកនាំដោយអធិការរងទទួលផែនគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ លោកម៉ៅ ចាន់ថុន បានបើកការស្រាវជ្រាវបង្ក្រាបករណីគ្រឿងញៀននៅម៉ោង១និង៣០នាទីរំ លងអធ្រាត្រ ឈានចូល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ បានឃាត់ខ្លួនមុខសញ្ញាសកម្ម ប្រចាំតំបន់បឹងកក់ ដកហូតថ្នាំញៀនជាច្រើនរយកញ្ចប់ក្នុងទីតាំងល្បែងហ្គេមបាញ់ត្រីមួយកន្លែង ចំណុចផ្លូវរថភ្លើង R6 ក្តាន់ពីរ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យជាមុខសញ្ញាដែលឃាត់ខ្លួននោះទី១ឈ្មោះ នី ម៉ាណេត អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលទីតាំងខាងលើ (ជួញដូរគ្រឿងញៀន) ។ ២/ឈ្មោះ ឆយ បូរ៉ា អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរគ្រឿងញៀន) ។ ៣/ឈ្មោះ សុ វត្ត្រា អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ (ប្រើប្រាស់គ្រឿងញៀន) ។ ៤/ឈ្មោះ ហម រត័្នថា អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ម្តុំរោងចក្រឆ្នាំង ភូមិ២ សង្កាត់ស្រះចក (ប្រើប្រាស់គ្រឿងញៀន) និងទី៥ឈ្មោះ សាយ សម្ភពបញ្ញា អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ទីតាំងឃាត់ខ្លួន (ប្រើប្រាស់គ្រឿងញៀន) ។
ក្នុងការចុះបង្ក្រាបនោះសមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន ចំនួន៥១៩កញ្ចប់ ក្នុងនោះមាន០៥កញ្ចប់ធំ ។ ២/ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ ។ ៣/ដាវកែឆ្នៃចំនួន០១ដើម ។ ៤/ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន ។ ៥/ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ ៦/ទូហ្គេមបាញ់ត្រីចំនួន០១គ្រឿង ។ ៧/ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F 0041 និងប្រាក់រៀលចំនួន បីម៉ឺនពីរពាន់(៣២,០០០៛) ។
បន្ទាប់ពីចប់ប្រតិបត្តិការជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ