ព័ត៌មានទាន់ហេតុការណ៍៖

រើសបានគ្រាប់បែកសល់ពីសម័យសង្គ្រាមដំបម្រុងលក់អេតចាយ ចៃដន្យផ្ទុះលាន់កក្រើកដី ស្លាប់២នាក់ជីដូន និងចៅ នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ជីដូន និងចៅប្រុសបានស្លាប់ភ្លាមៗ ខណៈរើសបានគ្រាប់បែកសល់ពីសម័យសង្គ្រាមរួចនាំគ្នាយកដំបម្រុងលក់អេតចាយចៃដន្យផ្ទុះលាន់កក្រើកដី បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា ជីដូនដែលស្លាប់មានឈ្មោះ ផង់ សុភី អាយុ៦៥ឆ្នាំ មុខរបរកសិករ និងចៅប្រុសឈ្មោះ ឃួន បញ្ញា អាយុ១០ឆ្នាំ មុខរបរសិស្ស អ្នកទាំង២ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចបាន​ឲ្យ​ដឹងទៀតថា ជីដូន និងចៅប្រុសមានជីវភាពក្រីក្រខ្វះខាត ទើបបាននាំគ្នាយកគ្រាប់បែកក្រសាំងដំបម្រុងយកលក់ដើម្បីទិញម្ហូបនៅកន្លែងទិញ-លក់អេតចាយ កន្លែងកើតហេតុស្រាប់តែជួបហេតុការណ៍គួរឲ្យរន្ធត់ បែបនេះតែម្ដង ។

សពទាំង២នាក់ជីដូន និងចៅត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងបានប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួល និងសោកសង្រេងបំផុត ៕ យឹម សុថាន


ចែករំលែក៖