ភ្នំពេញ៖ ផ្លូវបេតុង១ខ្សែមានប្រវែងជាង១០០០ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ៣៦៩ ក្នុងភូមិព្រែកតាពៅ ទៅកាន់តំបន់បឹងព្រលិត ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានក្លាយទៅជាជង្ហុកធំៗទឹកដក់ត្រាំត្រែង ពេលភ្លៀងខ្លាំងម្តងៗទឹកស្អុយហៀរចូលក្នុងផ្ទះ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវរអ៊ូរទាំរាល់ថ្ងៃម្នាក់ៗរង់ចាំមើលថា តើពេលណាទើបសាលារាជធានីភ្នំពេញជួសជុលឡើងវិញ ព្រោះផ្លូវនេះជាង២ឆ្នាំមកហើយ ។
តាមការលើកឡើងរបស់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវបេតុងចូលទៅតំបន់បឹងព្រលឹតបានបញ្ជាក់ថា កន្លងមកផ្លូវនេះជាងាយស្រួលក្នុងការធ្វើដំណើរណាស់ អត់ព្រួយបារម្ភពីសុវត្ថិភាពឡើយ ចំពោះការរកស៉ីទទួលទានប្រចាំថ្ងៃនៅតាមផ្ទះ ក៏មានភ្ញៀវចូលទិញទំនិញច្រើនដែរ អាចទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន ។ ចាប់តាំងពីផ្លូវខូចខាតក្លាយជាជង្ហុកដក់ទឹកប្រចាំថ្ងៃជាង២ឆ្នាំកន្លងទៅនេះ ភ្ញៀវដែលធ្លាប់ចូលទិញទំនិញបាត់អស់ជាច្រើននាក់ ថែមទាំងបាត់បង់ចំណូលជាច្រើនរកលុយឲ្យកូនទៅរៀនទាំងលំបាក ។
ផ្លូវបេតុងនេះខូចខាតមកពីកត្តារួមផ្សំជាច្រើន ទី១_ធ្វើផ្លូវបេតុងឆ្អឹងឫស្សីមិនអាចទ្រទម្ងន់ដឹកទំនិញធុនធ្ងន់បាន, ទី២_ធ្វើផ្លូវអត់ដាក់លូបង្ហូរទឹក ពេលភ្លៀងម្តងៗ ទឹកដក់នៅលើផ្លូវត្រាំត្រែងហូរចូលផ្ទះប្រជាពលរដ្ឋ និងទី៣_ រថយន្តដឹកទំនិញធន់ធ្ងន់ប្រភេទយីឌុប ភ្លៅ៤ ភ្លៅ៥ បើកចេញចូលរាល់ថ្ងៃ ។ កត្តាទាំងអស់នេះហើយជាដើមចមនៃការបំផ្លាញផ្លូវបេតុងដែលសាលាក្រុងធ្វើដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់ តែត្រូវខូចខាតខ្ទេចដូចថ្លុកក្របីដោយសារស្នាដៃម្ចាស់រថយន្តដឹកទំនិញធន់ធ្ងន់ដឹកលើសទម្ងន់បើកឆ្លងកាត់ ។
សូមជំរាបថា ពេលអ្នកយកព័ត៌មានចុះទៅថតផ្លូវដើម្បីចុះផ្សាយឲ្យថ្នាក់ដឹកនាំបានជ្រាប អ្នកលក់ ដូរជាច្រើនអ្នកទៀតមានការសង្ឃឹមថាស្ថាប័នពាក់ព័ន្ធជាពិសេសលោកអភិបាលរាជធានីភ្នំពេញ និងបញ្ជូនក្រុមការងារចុះមកជួសជុលផ្លូវបឹងព្រលឹតឲ្យបានឡើងវិញ ព្រោះកន្លងមកមានបង្ហោះតាមហ្វេសប៊ុក និងមានស្ថាប័នព័ត៌មានមួយចំនួនទៀតចុះមកថតយកទៅផ្សាយដែរតែអត់មានខាងជំនាញណាចុះមកសោះ ៕ សណ្តោស