ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍បេះដូងសប្បុរស បន្តដាំកូនឈើដើម្បីកម្ពុជាកាន់តែបៃតង

ចែករំលែក៖

ខេត្តកោះកុង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ៖ នៅក្នុងជំហានដ៏មានសារសំខាន់មួយទៀតឆ្ពោះទៅរកកម្ពុជាកាន់តែស្រស់បំព្រង បៃតង និងសុខភាពល្អ ក្រុមការងារសង្គរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅថា “ណាហ្គាវើលដ៍បេះដូងសប្បុរស” បានបន្តសហការជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សដើម្បីដាំកូនឈើ ៥៧០ ដើមនៅតាមសាលារៀននានានៅក្នុងខេត្តកោះកុង។

រួមបញ្ចូលជាមួយនឹងកូនឈើដែលត្រូវបានដាំក្នុងរាជធានីភ្នំពេញ និងខេត្តកំពតនៅក្នុងគម្រោងលើកមុន ណាហ្គាវើលដ៍បេះដូងសប្បុរស បានគោរពពាក្យសន្យារបស់ខ្លួនដោយឧបត្ថម្ភកូនឈើបង្គ្រប់ ១.០០០ ដើមដែលជាផ្នែកមួយកម្មវិធីលើកកម្ពស់ការយល់ដឹងស្តីពីបរិស្ថាន និងការដាំកូនឈើ។

លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានមានប្រសាសន៍ថា “ការការពារបរិស្ថាន  មានសារសំខាន់ណាស់ ខណៈដើមឈើផ្តល់ខ្យល់បរិសុទ្ធសម្រាប់ជាប្រយោជន៍ដល់សុខភាពរបស់ប្រជាជននៅក្នុងសហគមន៍។ ដើមឈើ គឺជាធនធានដ៏សំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ីធម្មជាតិរបស់យើង។ ដើមឈើ ជួយកាត់បន្ថយខ្យល់កខ្វក់ និងកាត់បន្ថយការប្រែប្រួលនៃអាកាសធាតុ។ តាមការសិក្សាបែបវិទ្យាសាស្ត្រ បានគណនាថា ដើមឈើធំមួយហិកតា អាចស្រូបយកឧស្ម័នកាបូនិចក្នុងមួយឆ្នាំដែលគ្រប់គ្រាន់ដើម្បីកាត់បន្ថយផលប៉ះពាល់នៃកាបូនសម្រាប់មនុស្ស ១០ នាក់។ ​

គាត់បានបន្ថែមថា “ដើមឈើ ក៏ដើរតួជាម៉ាស៊ីនត្រជាក់ធម្មជាតិដោយវាផ្តល់ម្លប់ និងកាត់បន្ថយសីតុណ្ហភាពនៅកន្លែងដែលនៅជុំវិញផងដែរ។ ដូច្នេះ ការដាំកូនឈើនៅតាមសាលារៀនក្នុងខេត្តកោះកុង នឹងផ្តល់អត្ថប្រយោជន៍ដ៏ច្រើនដល់សិស្ស លោកគ្រូ-អ្នកគ្រូ និងសហគមន៍ និងធ្វើឲ្យ បរិយាកាសសិក្សាកាន់តែប្រសើរឡើង។ ណាហ្គាវើលដ៍បេះដូងសប្បុរស បានដាំកូនឈើជាង ៣.៣០០ ដើមក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៤ ហើយយើងក៏បានរៀបចំសិក្ខាសាលាស្តីពីការថែរក្សាបរិស្ថានដែលផ្តល់ដោយក្រសួងបរិស្ថានថែមទៀតផង។ យើងសង្ឃឹមថា អ្នកទាំងអស់គ្នាអាចចូលរួមជាមួយយើង និងធ្វើឲ្យប្រទេសកម្ពុជាកាន់តែស្រស់បំព្រងសម្រាប់ខ្លួនយើង និងក្មេងៗជំនាន់ក្រោយ”។

លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា “កូនឈើទាំង ១.០០០ ដើមដែលបានដាំនេះ គឺជាស្នាដៃដែលគួរឲ្យកត់សម្គាល់មួយដែលជួយបង្កើនគុណភាពនៃជីវិតសម្រាប់សិស្សានុសិស្ស និងសហគមន៍។ ក្រៅពីផ្តល់ឲ្យយើងនូវខ្យល់អុកស៊ីសែនបរិសុទ្ធ ដើមឈើក៏ផ្តល់ម្លប់ដ៏ត្រជាក់ដល់យើង ហើយវាក៏ជាជម្រករបស់សត្វព្រៃផងដែរ។ ដើមឈើ មានសារសំខាន់ច្រើនណាស់”។

អភិបាលរងខេត្តកោះកុង ឯកឧត្តម អន ភារៈ បានធ្វើការកត់សម្គាល់ថា “ឫសឈើ ស្រូបយកទឹកភ្លៀង និងទប់ស្កាត់ការហូរច្រោះនៃដីដែលជួយកាត់បន្ថយទឹកជំនន់ដែលបណ្តាលឲ្យសាលារៀនបិទទ្វារ។ ដូច្នេះ ដើមឈើ គឺជាធាតុសំខាន់ដែលជួយពួកយើងឲ្យដំណើរការសាលារៀនថ្វីត្បិតនៅក្នុងរដូវខ្យល់មូសុងក៏ដោយ។  

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បាននិយាយថា “”បរិស្ថានកាន់តែបៃតង នឹងផ្តល់ភាពរីករាយ និងសេចក្តីសុខដល់សិស្សានុសិស្សដែលជាអនាគតរបស់ប្រទេសជាតិ ដូច្នេះយើងគាំទ្រកម្មវិធីនេះពេញទំហឹង”។

លោក ផូ ប៊ុនធឿន នាយកវិទ្យាល័យកោះកុង បានបញ្ជាក់ពីការគាំទ្រ និងស្វាគមន៍ការដាំកូនឈើថ្មីបន្ថែមនេះនៅតាមសាលារៀន។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ណាហ្គាវើលដ៍បេះដូងសប្បុរស និងក្រសួងពាក់ព័ន្ធដែលបានសហការបង្កើតកម្មវិធីបរិស្ថាននេះឡើង”។

###

អំពីក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស

ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ណាហ្គាវើលដ៍បាន និងកំពុងធ្វើសកម្មភាពសង្គមប្រកបដោយទឹកចិត្តសប្បុរស និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជាប្រកបដោយភាពវិជ្ជមាន។ ក្នុ​ងខែមីនា ឆ្នាំ​ ២០១៤ ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងដោយបុគ្គលិកណាហ្គាវើលដ៍ដែលមានគោលបំណងផ្តោតទៅលើសសរស្តម្ភ ៤ គឺ ការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយក្នុងសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាននៅក្នុងប្រទេសកម្ពុជា។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ២០០.០០០នាក់បានទទួលផលប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះ។ សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖

Ms. Melanie Loong

Senior Marketing Communications Manager

Tel: (+855) 10 737 684

Email: melanieloong@nagaworld.com

កញ្ញា ភោគ សូលីនដា

Brand Executive, Marketing Communications

Tel: (+855) 15 61 88 86

Email: phouksolinda@nagaworld.com

ណាហ្គាវើលដ៍ និងក្រសួងពាក់ព័ន្ធ សហការគ្នាដើម្បីកម្ពុជាកាន់តែស្រស់បំព្រង និងបៃតង

កូនឈើ ៥៧០ ដើម ត្រូវបានឧបត្ថម្ភដោយក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរសដើម្បីដាំនៅតាមសាលារៀនក្នុងខេត្តកោះកុង

សិស្សានុសិស្ស ចូលរួមក្នុងសិក្ខាសាលាស្តីពីចំណេះដឹងបរិស្ថាន


ចែករំលែក៖