ខេត្តពោធិ៍សាត់៖ ក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់ ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាហោចអាធ័ម នៅគ្រាដែលកុមារារូបនេះព្យាយាមយកអំពូលភ្លើងទៅមួលបញ្ចូលក្បាលឌុយ ឪពុកម្ដាយបងប្អូនសាច់ញាតិបានត្រឹមនាំគ្នាទ្រហ៊ោយំ ។
ហេតុការណ៍ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ក្មេងខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨ និង០០នាទី យប់ ថ្ងៃច័ន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្រោមផ្ទះឪពុកម្ដាយក្មេងរងគ្រោះ ស្ថិតក្នុងភូមិអូរស្ដៅ សង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអាត់បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ជឹម ស អាយុ ១២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិងក្នុងភូមិអូរស្ដៅ សង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពដដែលបន្តទៀតថា មូលហេតុឪពុកដកអំពូលភ្លើងចេញ ហើយជ័រក្បាលឌុយអំពូលភ្លើងនោះអត់មានទេ ឌុយខ្សែភ្លើងអំពូល ក៏អត់ដកចេញពីព្រីដែរ ក្មេងរងគ្រោះបានយកអំពូលភ្លើងក្នុងគោលបំណងមួលបញ្ចូលឌុយ ស្របក្បាលអំពូលអត់មានជ័រ ក៏ឆ្លងចរន្តឆក់ បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង ។ សមត្ថកិច្ចស្ថាប័នជំនាញសហការចុះពិនិត្យ និងស្រាវជ្រាវ ទើបធ្វើកំណត់ហេតុប្រគល់សពសពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន