ភ្នំពេញ៖ កម្លាំងនគរបាលនគរបាលប៉ុស្តិ៍មនោរម្យ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋជាអ្នក ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម មើលស្លាកសញ្ញាចរាចរ និងចូលរួមគោពរស្លាកសញ្ញាទាំងអស់គ្នា ដើម្បីកាត់បន្ថយ ការកកស្ទះចរាចរ និងករណីគ្រោះចរាចរដោយកត្តាមនុស្ស ។
ពាក់ព័ន្ធបញ្ហានេះ លោកខុន ណារ៉ាត់ នាយរងនគរបាលប៉ុស្តិ៍មនោរម្យបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកនេត សុីថុន អធិការនគរបាលខណ្ឌ៧មករា ទើបកម្លាំងនគរបាលប៉ុស្តិ៍មនោរម្យយើងដាក់គោលដៅនៅចំណុចនេះ ដើម្បីត្រួតពិនិត្យច្បាប់ចរាចរលើអ្នកបើម៉ូតូមិនពាក់មួកសុវត្ថិភាព និងមិនដាក់កញ្ចក់មើលក្រោយ ហើយមួយទៀតលើអ្នកបើកយានយន្តគ្រប់ប្រភេទដែលមិនគោរពស្លាកសញ្ញាហាមបត់ឆ្វេង (ដែលមន្ទីរសាធារណៈការបានដាក់នាពេលកន្លងមក) ហើយអ្នកធ្វើដំណើរតាមផ្លូវកម្ពុជាក្រោម ពីផ្សារថ្មីមកដល់ស្តុបថ្មដា គឺមិនអាចបត់ឆ្វេងបាននោះទេ ។ ចំពោះការផាកពិន័យនេះយើងបានធ្វើកំណត់ហេតុដកហូតម៉ូតូបណ្តោះអាសន្ន ហើយឲ្យពួកគាត់ទៅបង់ប្រាក់ពិន័យនៅអធិការដ្ឋាននគរបាលខណ្ឌមករា ដើម្បីយកម៉ូតូមកវិញ ។
ពាក់ព័ន្ធបញ្ហានេះ លោក ហ័ន វិបុល អធិការរង ទទួលផែនសណ្ដាប់ធ្នាប់ និងចរាចរ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឲ្យដឹងថា នៅចំណុចស្តុបភោជនីយដ្ឋានថ្មនេះ គឺខាងជំនាញមន្ទីរសាធារណៈការរាជធានីភ្នំពេញ បានតំឡើងស្លាកសញ្ញា ចរាចរ នៅចំណុច ផ្លូវលេខ១២៨ (ផ្លូវកម្ពុជាក្រោម) កែងផ្លូវលេខ១០៧ (ផ្លូវសុខហុក)នេះ បានរយៈពេញជិត១ឆ្នាំ មកហើយតាំងពីដើមខែសីហា ឆ្នាំ២០១៨ ហាមអ្នកធ្វើតាមបណ្ដោយមហាវិថីកម្ពុជាក្រោម មកពីផ្សារធំថ្មី មិនអាចបត់ឆ្វេង បានឡើយ ដោយអនុញ្ញាតឲ្យធ្វើដំណើរទៅមុខត្រង់ និងបត់ស្ដាំបាន ។
ជាក់ស្ដែង តាមបណ្ដោយមហាវិថីកម្ពុជាក្រោម នៅចំណុចស្តុប វិថីសុកហុក (ផ្លូវលេខ១០៧) កែង មហាវិថីកម្ពុជាក្រោម (ស្តុបថ្មដា) (ផ្លូវលេខ១២៨) គឺបងប្អូនធ្វើដំណើរតាមបណ្ដោយមហាវិថីកម្ពុជាក្រោម មកពីផ្សារធំថ្មី មិនអាចបត់ឆ្វេងបានឡើយ ដោយអនុញ្ញាតឲ្យធ្វើដំណើរទៅមុខត្រង់ និងបត់ស្ដាំបាន ។ ប៉ុន្ដែបើបងប្អូនប្រជាពលរដ្ឋធ្វើណើរតាមបណ្ដោយមហាវិថីកម្ពុជាក្រោម មកពីស្ដុបណានជីង អនុញ្ញាត ឲ្យធ្វើដំណើរបានធម្មតា អាចបត់ឆ្វេង និងស្ដាំ បាន ។
ជាចុងក្រោយលោកនាយរងប៉ុស្តិ៍មនោរម្យសូមសំណូមពរដល់អ្នកធ្វើដំណើរតាមបណ្ដោយមហាវិថីកម្ពុជាក្រោម ចូលរួមគោរពច្បាប់ចរាចរគោរព ស្លាកសញ្ញា និងភ្លើងសញ្ញាចរាចរ ទាំងអស់គ្នា ដើម្បីចូមរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរ ៕ ជ្រោយពេជ្រ