ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងរោងចក្រយីហោ Hoay Tak Garment Factory Co .Ltd ដែលបង្កផ្សែងហុយធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ បានចុះត្រួតពិនិត្យទីតាំងរោងចក្រយីហោ Hoay Tak Garment Factory Co .Ltd ដែលបង្កផ្សែងហុយធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋរស់នៅជិតខាង មានទីតាំងស្ថិតនៅបណ្តោយផ្លូវហាណូយ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងខាងលើនេះ មន្ត្រីជំនាញ និងអាជ្ញាធរចូលរួមមាន៖ ទីចាត់ការកាកសំណល់រាជធានី មន្ទីរបរិស្ថានរាជធានី ការិយាល័យអន្តរវិស័យខណ្ឌ ការិយាល័យឧហ្សាហកម្ម សិប្បកម្ម លោកចៅសង្កាត់រងគោកឃ្លាង ។

យោងតាមប្រភពពីមន្រ្តីជំនាញ បានឲ្យដឹងថា បន្ទាប់ពីគណៈបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ ចុះទៅដល់ក្រុមការងារបានពិនិត្យឃើញថា ខាងរោងចក្របានកែប្រែតាមការណែនាំរបស់រដ្ឋបាលខណ្ឌ ពីការដុតកំទេចក្រណាត់បណ្តាលឲ្យមានផ្សែងខ្លាំង មកធ្វើការដុតអុសវិញ ដើម្បីយកចំហាយទឹកអ៊ុតខោអាវ ។

មន្រ្តីដដែលបន្តថា ក្នុងប្រតិបត្តិការនោះក្រុមការងារ បានបានជួបជាមួយតំណាងរោងចក្រ និងណែនាំឲ្យកែប្រែហេតុប៉ះពាល់បរិស្ថាន ផ្សែង សំរាម និងប្រព័ន្ធសុវត្ថិភាព ទ្វារចេញចូល ជូនបងប្អូនកម្មករ ដោយទុករយៈពេល០២ខែ នឹងចុះពិនិត្យម្តងទៀត ។ចំណែកខាងរោងចក្របានទទួយកនូវចំណុចខាងលើដែលអាជ្ញាធរបានណែនាំ ៕ស តារា


ចែករំលែក៖