ព័ត៌មានទាន់ហេតុការណ៍៖

តាយាយ២នាក់ អំពាវនាវរកសប្បុរសជនជួយ ខណៈខ្លួនកាន់តែចាស់ ហើយត្រូវមើលថែទាំកូន ប្រុស ដែលមានជំងឺប្រចាំកាយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ តាយាយ២នាក់ ប្តីប្រពន្ធ អំពាវនាវរកសប្បុរសជនជួយ ខណៈខ្លួនកាន់តែចាស់ ហើយត្រូវមើលថែទាំកូនប្រុស ដែលមានជំងឺអាយុជាង៥០ឆ្នាំទៀត ។

រស់នៅក្នុងផ្ទះតូច ជញ្ជាំងបាំងស្លឹក ដំបូលស័ង្កសី តាយាយអាយុជាង៨០ឆ្នាំ ត្រូវរស់នៅចិញ្ចឹមកូនប្រុស ដែលមានជំងឺលើសឈាម ដេកដួលលើកន្ទេល អាស្រ័យតែបាយសម្លអ្នកជិតខាងហុចឲ្យ មួយថ្ងៃរស់មួយថ្ងៃ ព្រោះគ្មានកូនចៅនៅចាំមើលថែ ក៏គ្មានលទ្ធភាពរកស៊ីចិញ្ចឹមជីវិត ។

លោកយាយ សឹង យ៉ា អាយុ ៨៣ឆ្នាំ និងលោកតាត្រូវជាប្តី អាយុ៨៣ដូចគ្នា រស់នៅភូមិ រាមជោ ឃុំ ស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បានអោយដឹង ថា គាត់មានកូន៤នាក់ ក្នុងនោះស្រីម្នាក់ មានទីលំនៅជិតផ្ទះលោកយាយ ហើយកូនប្រុសរបស់គាត់ ដែលដេកឈឺនៅនិងកន្ទេលនោះមានឈ្មោះ កឹម ព្រុន អាយុជាង ៥០ឆ្នាំ មានជំងឺលើសឈាមស្លាប់មួយចំហៀងខ្លួន អស់រយៈពេលជាង៣ឆ្នាំមកហើយ មានប្រពន្ធ និងកូន៦នាក់ ។ តែចាប់តាំងពីកូនប្រុសរបស់គាត់ធ្លាក់ខ្លួនឈឺមក ប្រពន្ធនិងកូនៗរបស់គេ បានយកមកឲ្យទៅនៅជាមួយគាត់ ។

ជាមួគ្នានេះលោក ចាន់ សាភឿន ជាពលរដ្ឋរស់នៅផ្ទះជិតលោកយាយខាងលើ បានសំណូមពរដល់សប្បុជន ជួយដល់ក្រុមគ្រួសារលោកយាយផង ព្រោះបច្ចប្បន្ននេះ កំពុងតែជួបការលំបាកខ្វះខាតខ្លាំង ស្ទើររកអង្ករច្រកឆ្នាំងគ្មាន ប្រកបរបររកស៊ីអ្វីក៏មិនបាន ហើយត្រូវមើលថែជំងឺកូនប្រុសដែលត្រូវការថ្នាំរាល់ថ្ងៃទៀត ។

លោកយាយ សឹង យ៉ា បានអំពាវនាវសុំឲ្យសប្បុរសជនមេត្តាជួយដល់ក្រុមគ្រួសាររបស់លោកយាយផង ព្រោះរាល់ថ្ងៃនេះលោកទាំង២ កាន់តែជរាហើយ ហើយក៏គ្មានលទ្ធភាពរកស៊ីចិញ្ចឹមជីវិតដូចក្មេងៗដែរ សូម្បីតែអាហារហូបចុករាល់ថ្ងៃ ក៏អាស្រ័យនឹងអ្នកជិតខាងដែរ ៕ យឹម សុថាន


ចែករំលែក៖