ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជនបរទេសម្នាក់ ត្រូវចោរឆក់កាបូបលុយ និងទូរស័ព្ទបានសម្រេច នៅខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីជនជាតិស្បែកសម្នាក់ ត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកធ្វើសកម្មភាពឆក់យកកាបូបដាក់លុយ និងទូរស័ព្ទបានសម្រេច ខណៈដែលជនរងគ្រោះកំពុងតែជិះកង់ហាត់ប្រាណពេលព្រឹក ។

ករណីចោរឆក់កាបូបជនបរទេសខាងលើនេះ បានកើតឡើងកាលលវេលាម៉ោង ៦ និង២០នាទីព្រឹក ថ្ងៃអង្គារ ៩កើត ខែជេស្ឋឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភ្លើងស្តុបបូកគោ តាមផ្លះវព្រះមុនីវង្ស កែងផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី១ ខណ្ឌចការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញស្រ្តីរងគ្រោះជាជនជាតិបរទេសបានជិះកង់ម្នាក់ឯង ដើម្បីហាត់ប្រាណតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងមកជើង ដោយទុកកាបូបគាត់នៅកន្ត្រកកង់ខាងមុខ ។ ភ្លាមនោះស្រាប់តែគេឃើញមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកពីក្រោយស្របទិសគ្នា រួចបានធ្វើសកម្មភាពឆក់យកកាបូបគាត់ បានសម្រេច ហើយជិះគេចខ្លួនបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុស្រ្តីរងគ្រោះ គាត់បានយំដោយសារតែមានការភិតភ័យ និងមិនធ្លាប់ជួបរឿងបែបសោះ ។ ចំណែកសម្ភារបាត់បង់នៅក្នុងកាបូបរបស់គាត់មានតែលុយតិចតួច និងទូរស័ព្ទដៃមួយគ្រឿង ។

ក្រោយកើតហេតុ សមត្ថកិច្ចសួរនាំដឹករឿងហេតុ ក៏ទាក់ទងទៅខាងនគរបាលប៉ុស្តិ៍បឹងកេងកងទី១ មកយកស្ត្រីជនបរទេស ទៅដាក់ពាក្យបណ្ដឹង ដើម្បីកំណត់មុខសញ្ញា យកមកផ្ដន្ទាទោសតាមច្បាប់ ៕ ស រស្មី


ចែករំលែក៖