ខេត្តស្វាយរៀ៖ ស្ត្រីស្រវឹងស្រាចិត្តខ្លាំងម្នាក់ ខណៈខឹងប្ដីប្រើឲ្យកើបប្រមូលអាចម៍គោចេញពីក្រោលហើយប្រកែកមិនព្រមកើប មានទំនាស់ពាក្យសំដីបន្តិចបន្តួចឡើងទៅលើផ្ទះ ទាញបានថ្នាំបាញ់សត្វល្អិតប្រភេទ soper 2កំប៉ុង និងថ្នាំរ៉ៃចំនួន៣កញ្ចប់ មកផឹកប្រកាច់ក្អូត ត្រូវប្ដីដឹកមកមន្ទីរពេទ្យអកុសលស្លាប់ពាក់កណ្ដាលផ្លូវ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថា ស្ត្រីគិតខ្លីមានឈ្មោះ គាំ ផល្លី មុខរបរកសិករ អាយុ៥២ឆ្នាំ រស់ក្នុងភូមិ ឃុំកើតហេតុខាងលើ ។
តាមបុរសជាប្ដីបានរៀបរាប់ប្រាប់សមត្ថកិច្ចទាំងអួលដើមករថា មិនគួរណាភរិយាដាច់ចិត្តគិតខ្លីបែបនេះសោះ ដោយមុនកើតហេតុ គាត់(ប្រពន្ធ)បានផឹកស្រាស្រវឹង ហើយបានត្រឡប់មកផ្ទះទាំងទ្រេតទ្រោត ឃើញដូច្នេះ គាត់(ប្តី)ក៏បានស្ដីឲ្យបន្តិចបន្តួច និងបានប្រើឲ្យទៅកើបអាចម៍គោយកចេញពីក្រោល ពីព្រោះថ្ងៃរសៀលហើយ ។
ប្រភពបន្តថា ក្រោយមក ក៏មានជម្លោះពាក្យសំដីជាមួយគ្នា ខណៈនោះ ស្រាប់តែប្រពន្ធរបស់គាត់រត់ឡើងទៅលើផ្ទះសម្ងំប្រមាណ១០នាទី ក៏លឹសូរសំឡេងក្អូតចង្អោខ្លាំងៗ ទើបគាត់រត់ឡើងទៅលើផ្ទះឃើញមានថ្នាំបាញ់សត្វល្អិតក្បែរខ្លួនប្រពន្ធ ទើបបង្កការភ្ញាក់ផ្អើល ស្រែកហៅបងប្អូននាំគ្នាប្រញាប់ប្រញាលជួយសង្គ្រោះ ដឹកមកកាន់មន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ប៉ុន្តែត្រូវបានគ្រូពេទ្យប្រាប់ថា បានដាច់ខ្យល់ផុតទៅហើយ ។
ក្រោយមក សពត្រូវបានក្រុមគ្រួសារ បញ្ជូនយកមកធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន