ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ បែកថ្នាំរត់ឡើងលើផ្ទះពលរដ្ឋ ប្រុងលោតចុះមកក្រោម ផ្អើលសមត្ថកិច្ចជួយទាន់ពេល

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់វ័យប្រហែលជាង២០ ឆ្នាំ សង្ស័យថា ជាមនុស្សញៀនថ្នាំបានរត់ឡើងទៅលើផ្ទះប្រជាពលរដ្ឋ រួចប្រុងលោតចុះមកក្រោមវិញ ធ្វើឲ្យពលរដ្ឋភ័យខ្លាច ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ ។

ករណីជនញៀនថ្នាំខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១ និង៣៥នាទីព្រឹក ថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ម្ដុំក្រោយផ្សារកាណាស៊ីតធី ស្ថិតក្នុងភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ មិនដឹងថាមកពីណានោះទេ ដោយដើរអត់មានពាក់អាវ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរត់ឡើងលើផ្ទះប្រជាពលរដ្ឋ ខណៈដែលម្ចាស់ផ្ទះមិននៅបានចាក់សោទុក រួចបម្រុងនឹងលោតពីលើផ្ទះមកក្រោមវិញ ទើបបង្កការភ្ញាក់ផ្អើលតែម្តង ។

ប្រភពបន្តថា ភ្លាមនោះពួកគាត់ក៏បានស្រែក និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកជួយធ្វើអន្តរាគមន៍ ដោយប្រើវិធីសាស្រ្តលួងលោមឲ្យចុះមកក្រោមវិញ តាមសម្រួល ហើយនាំយកមកសាកសួរអំពីអត្តសញ្ញាណ ទើបដឹងថា ជាមនុស្សប្រើសារធាតុញៀនហួសកម្រិត ។

ក្រោយមកសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានទំនាក់ទំនងខាងមន្រ្តីមន្ទីរសង្គមកិច្ចចុះមកទទួលយកទៅធ្វើការអប់រំបន្ត ៕ សុខា សែនជ័យ


ចែករំលែក៖