ប្រភពបានឲ្យដឹងថា បច្ចុប្បន្ននេះព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងប្រឈមនឹងការបំផ្លាញយ៉ាងមហន្តរាយព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកឱរ៉ាល់ គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ។ សូម្បីតែលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ ក្នុងខណៈដែលឈ្មួញបំផ្លាញព្រៃឈើក្នុងស្រុកឱរ៉ាល់ យ៉ាងមហន្តរាយហើយព្រៃឈើក្នុងស្រុកឱរ៉ាល់ ត្រូវប្រឈមនឹងសេចក្ដីវិនាសក្នុងពេលឆាប់ៗខាងមុខចៀសមិនផុតឡើយ។ ជាក់ស្ដែងក្រុមឈ្មួញដឹកជញ្ជូនឈើ ដឹកជញ្ជូនអុស និងស្តុកឈើទុកលក់នៅក្នុងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ យ៉ាងពេញបន្ទុកព្រោះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។
ប្រភពពីប្រជាពលរដ្ឋនៅក្នុងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ បានឲ្យដឹងថា បច្ចុប្បន្នក្រុមឈ្មួញទាំងធំទាំងតូចបានកាប់ឈើពីព្រៃនិងដឹកជញ្ជូនឈើលើផ្លូវក្នុងមូលដ្ឋានពួកគាត់ទើបខូចផ្លូវអស់ទៅហើយ ប៉ុន្តែមិនឃើញមានមន្ត្រីអាជ្ញាធរ មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទប់ស្កាត់នោះទេ។ សូម្បីតាមផ្ទះមួយចំនួនអមសងខាងផ្លូវក្នុងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ក៏មានឈ្មួញគរឈើ គរអុស ទុកលក់ស្រេចតែអំពើចិត្តដែរ ព្រោះមន្ត្រីបរិស្ថាននិងមន្ត្រីរដ្ឋបាលព្រៃឈើក្នុងតំបន់នេះចាត់ទុកបទល្មើសព្រៃឈើជាប្រភពចំណូលដ៏សំខាន់របស់ពួកគេ។
មជ្ឈដ្ឋាននានាបានលើកឡើងថា ករណីឈ្មួញកាប់ឈើ ដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយដឹកជញ្ជូនឆ្លងកាត់ផ្លូវក្នុងឃុំរស្មីសាមគ្គី មិនមែនជារឿងថ្មីនោះទេប៉ុន្តែលោក ឈាង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក៏ដូចជាប្រធានមន្ទីរបរិស្ថានក្នុងខេត្តកំពង់ស្ពឺ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ប្រភពពីក្រុមឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ បានឲ្យដឹងថា ពួកគេបង់លុយតាមការកំណត់របស់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធតាមការកំណត់ទើបអាចចៀសផុតពីការបង្ក្រាប ហើយអាចដឹកជញ្ជូនឈើទៅដល់គោលដៅដោយគ្មានការរំខាន ៕