ភ្នំពេញ៖ នៅល្ងាចថ្ងៃអាទិត្យទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ដោយសុវត្តិភាពហេីយ បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី(Hungary) និងអញ្ជើញទៅកាន់ប្រទេសតាជីគីស្ថាន(Tajikistan) ដើម្បីចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី(CICA) លើកទី៥ ។
ជាលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចនេះ គឺទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនភាពដោយក្នុងនោះ កម្ពុជាជាមួយនឹងប្រទេសហុងគ្រី ក៏ដូចជាប្រទេសតាជីគីស្ថាន បានកសាង និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការទៅលើវិស័យផ្សេងៗជាច្រើនទៀតបន្ថែមលើទំនាក់ទំនងដែលមានស្រាប់។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំហុងគ្រី និងប្រទេសតាជីគីស្ថាន ដោយបានជជែកពិភាក្សាលើបញ្ហាជាច្រើនសំដៅលើកកម្ពស់ និងពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅលើវេទិកាពហុភាគីផ្សេងៗទៀត ហើយក៏មានឯកសារមួយចំនួនត្រូវបានចុះហត្ថលេខាផងដែរ ដេីម្បីពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ បម្រេីបំរើផលប្រយោជន៍ជាតិទៅវិញទៅមក៕