ខេត្តឧត្ដរមានជ័យ៖ នៅ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ខណ:ដែលពួកគាត់ប្រទះឃើញគ្រាប់បេ៤០ និងគ្រាប់ដេការសរុបចំនួន៥ថ្មីស្រឡាងទើបបកចេញពីកេះ ដាក់តម្រៀបនៅក្នុងរណ្ដៅ ស្រោបដោយជាតិរំសេវចំហេះ ក្នុងគោលបំណងដុតបំផ្ទុះនៅខាងក្រោយសាលារៀនអនុវិទ្យាល័យរួតចំប៉ី ក្នុង សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
ប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលពួកគាត់បានប្រទះឃើញគ្រាប់បេ និងគ្រាប់ ដេកា ខាងលើ បានដាក់តម្រៀបគ្នានៅក្នុងរណ្ដៅនៅក្បែរភូមិ និងសាលារៀន ពួកគាត់ប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ច និងជំនាញ ឲ្យចុះមកពិនិត្យ និងប្រមូលយកទៅរក្សាទុក ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រាប់ដែលប្រជាពលរដ្ឋប្រទះឃើញខាងលើ ចំនួន៥គ្រាប់ រួមមាន គ្រាប់បេ (B៤០) ចំនួនបួនគ្រាប់ ផលិតនៅប្រទេសសូវៀត និងគ្រាប់ដេកា (DK)ចំនួន១គ្រាប់ ដែលកប់ក្នុងរណ្ដៅ និងចាក់រំសេវ ឃ្លាតចម្ងាយពីគ្នា១០០ម៉ែត្រ ស្ថិតនៅខាងក្រោយសាលាអនុវិទ្យល័យរួតចំប៉ីភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ។
ក្រោយសមត្ថកិច្ចជំនាញប្រមូលគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះដែលជនមិនស្គាល់មុខបានយកទៅបង្កៃក្នុងគោលបំណងមិនល្អ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅទីកន្លែងមានសុវត្ថិភាពរួចរាល់ហើយ ហើយសមត្ថកិច្ច នឹងបន្តស្វែងរកជនសង្ស័យដែលបានរៀបផែនការដាក់បង្កៃគ្រាប់ទាំងនោះ យកមកផ្តន្ទាទោសទៅតាមច្បាប់៕ ប៉ែន នួន