ភ្នំពេញ៖ តារាសម្តែង និងពិធីការិនី កញ្ញា ណាក់ ស្រីណា តែងលេចធ្លោខ្លាំងជាមួយឈុតសម្លៀកបំពាក់បែបបុរាណខ្មែឬ សមទៅនឹងទម្រង់មុខសុភាពរាបសា រម្យទមរបស់នាង ។ ថ្មីៗនេះឈុតព្រះម៉ែនាគដែលតារាស្រីរូបនេះគ្រងទទួលបានការកោតសរសើរខ្លាំងពីទស្សនិកជនថា មិនត្រឹមតែស្រស់ស្អាតគឺបានបង្កប់នូវអត្តសញ្ញាណជាតិខ្មែរយ៉ាងស៊ីជម្រៅក្នុងមួយសន្លឹកនេះ ។
មិនមែនលើកទីមួយទេដែលណាក់ ស្រីណាទទួលបានពាក្យកោតសរសើរចំពោះការគ្រងសម្លៀកបំពាក់បែបខ្មែរពិសេសឈុតប្រពៃណីក្នុងពិធីមង្គលការ ខណៈដែលមានសម្អាងការល្បីៗជាច្រើនពេញចិត្តនឹងទម្រង់មុខ រូបរាងស្រឡូនគួរទាក់ទាញ ។ ជាថ្មីនៃការចាប់អារម្មណ៍នាងបានគ្រងសម្លៀកបំពាក់ព្រះម៉ែនាគដែលមានការរចនាទាំងសម្លៀកបំពាក់ ម្កុដ និងគ្រឿងអង្ការផ្សេងៗ ដ៏វិចិត្របែបខ្មែរ និងត្រូវបានចម្លងចេញពីចម្លាក់នៃប្រាសាទខ្មែរផងដែរ ។
ឈុតនេះត្រូវបានរៀបចំឡើយដោយសម្អាងការល្បីឈ្មោះណុបដាណេ ដែលជាសម្អាងការល្បីឈ្មោះមួយក្នុងចំណោយមសម្អាងការធំៗនៅរាជធានីភ្នំពេញ ។ គេហទំព័រមានឈ្មោះថា”វប្បធម៌ខ្មែរ”(Khmer Culture) បានបញ្ចេញរូបមួយសន្លឹកនេះរួមនឹងពាក្យខ្លីមានន័យខ្លាំងថា”ដួងព្រលឹងជាតិ ព្រះម៉ែនាគ ទ្រង់គឺជាបឋមក្សត្រី ទ្រង់ជាបុព្វបុរសរបស់ខ្មែរ តាំងពីសម័យកកើតនគរភ្នំគោកធ្លកមកម៉្លេះ !” ។
នាងត្រូវបានគេសរសើរថាជាតារាកត្តញ្ញូនឹងវប្បធម៌ខ្មែរ ហើយអ្នកគាំទ្រសុទ្ធតែសរសើរមិនដាច់ពីមាត់អំពីអត្ថន័យនៃសម្លៀកបំពាក់មួយឈុតដ៏ល្អឯកនេះ៕ វឌ្ឍនា