បណ្តាញសហគមន៍ព្រៃឡង់ដែលគ្របដណ្តប់ខេត្តក្រចេះ, ស្ទឹងត្រែង, ព្រះវិហារ និងកំពង់ធំ បានចេញសេចក្តីថ្លែងការណ៍អំពីកង្វល់ចំពោះការកាប់បំផ្លាញ និងដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យនៅតំបន់ព្រៃឡង់ ។ ក្រៅពីនេះ សេចក្តីរាយការណ៍បានឲ្យដឹងថា សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ ខេត្តកំពង់ធំ បានកើតឡើងយ៉ាងគគ្រឹកគគ្រេងក្រោមក្រសែភ្នែកមន្ត្រីរដ្ឋបាលព្រៃឈើ ។ ប្រភពពីមន្ត្រីមូលដ្ឋានអះអាងថា លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ក៏ដូចជាអភិបាលខេត្តកំពង់ធំមិនដែលខ្វល់ចំពោះការកាប់បំផ្លាញព្រៃឈើនោះឡើយ ។ ជាងនេះទៅទៀត អគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើ លោក អូ កែវម៉ាលីស ក៏មិនដែលខ្វល់ចំពោះបញ្ហានេះដែរ ។
ប្រភពបានឲ្យដឹងថា សកម្មភាពល្មើសច្បាប់អនាធិបតេយ្យនៅតំបន់ព្រៃឡង់ មានដូចជា ១ ការអនុញ្ញាតឲ្យមានការដឹកជញ្ជូនឈើជាច្រើនគោយន្តក្នុងមួយថ្ងៃៗ និងឧបករណ៍សម្រួលដល់ការកាប់ឈើ និងការដឹកជញ្ជូន កាត់មុខស្នាក់ការយាមល្បាតរបស់មន្ត្រីឧទ្យានុរក្សនីមួយៗ ។ ២ ការកាប់រានដីព្រៃនៅក្នុង និងព្រៃតំបន់ទ្រនាប់, ព្រៃការពារដែនជម្រកសត្វព្រៃ, ព្រៃឡង់ ដោយអ្នកមានអំណាច និងប្រជាពលរដ្ឋចំណូលថ្មី ។ ៣ ការដំឡើងរោងម៉ាស៊ីន អារ កែច្នៃឈើ និងផលិតក្តារបន្ទះ ដោយក្រុមហ៊ុន ស៊ីង បាយអូថេក នៅចំណុចភូមិសាស្ត្រឃុំកំពង់ដំរី ឃុំបឹងចារ ខណៈក្រុមហ៊ុនបានសម្រេចផ្អាកសកម្មភាពរបស់ខ្លួនតាំងពីឆ្នាំ២០១៨ ។ ៤ ការចេញលិខិតអនុញ្ញាដោយមន្ត្រីមូលដ្ឋាន ឲ្យកាប់ឈើនៅតំបន់ព្រៃឡង់ ក្រោមលេស ហេតុផលសាងសង់ផ្ទះ ។ ៥ ការប្រើប្រាស់អាវុធ កែច្នៃនៅតំបន់ព្រៃឡង់ក្នុងគោលបំណងបរបាញ់សត្វព្រៃ និង៦ ការធ្វើអាជីវកម្មរ៉ែមាស ដោយក្រុមហ៊ុន និងជនអនាធិបតេយ្យ ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បើទោះបីជាមានការរិះគន់ខ្លាំងយ៉ាងណាក៏ដោយ សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ ពិសេសនៅក្នុងខេត្តកំពង់ធំមិនមានការថមថយនោះទេ ។ ទាំងស្ថាប័នជំនាញ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ពោលគឺទាំងមេព្រៃនិងបរិស្ថាន ដេកចាំយកផលប្រយោជន៍ពីបទល្មើសទាំងនោះយ៉ាងសុខស្រួល ។ ប្រភពបន្ថែមថា មន្ត្រីព្រៃឈើខេត្តកំពង់ធំ ក្រោមអំណាចដឹកនាំលោក ប៊ុន សុធី ដេកយោលអង្រឹងចាំយកលុយពីឈ្មួញដឹកជញ្ជូនឈើចេញពីព្រៃឡង់ ។ ដូចគ្នានេះដែរមន្ត្រីបរិស្ថានខេត្តកំពង់ធំ ក៏កំពុងសុខស្រួល ក្នុងមហន្តរាយព្រៃឈើក្នុងតំបន់ព្រៃឡង់នេះដែរ ។ មានតែឈ្មួញមិនបង់ប្រាក់ប៉ុណ្ណោះ ទើបគេចាប់ដើម្បីបង្ហាញស្នាដៃ ៕