ព័ត៌មានទាន់ហេតុការណ៍៖

មហាជនរិះគន់លើមន្រ្ដីពាក់ព័ន្ធ អសមត្ថភាពបង្កការកកស្ទះ លក់ដូរគ្មានសណ្ដាប់ធ្នាប់លើផ្លូវសាធារណៈ

ចែករំលែក៖

ខេត្តសៀមរាប៖ បន្ទាប់ពីមានការរិះគន់របស់មហាជនថា នៅមុខមន្ទីរពេទ្យបង្អែក ប្លុកផ្សារចាស់ មានភាពរញ៉េរញ៉ៃ ដោយសារ រ៉ឺម៉កម៉ូតូ, អ្នកលក់មីឆា និងរថយន្ត ជាច្រើនគ្រឿងបានចតរញ៉េរញ៉ៃ ពាសពេញផ្លូវគ្មានសណ្តាប់ធ្នាប់ទាល់តែសោះ ហើយគេបានដាក់ការសង្ស័យថា សមត្ថកិច្ចខាងសណ្តាប់ធ្នាប់ក្នុងខេត្តបេះដូងទេសចរណ៍នេះ ជាអ្នកឃុបឃិតឲ្យមានការចតនៅលើចិញ្វើមផ្លូវទាំងនោះ ជាថ្នូរនឹងលាភសក្ការៈ ។

ប្រភពបានឲ្យដឹងថា ក្នុង១រ៉ឺម៉កលក់មីឆា ត្រូវបង់លុយឲ្យសមត្ថកិច្ចសណ្តាប់ធ្នាប់ចំនួន២០ដុល្លារហើយរ៉ឺម៉កនៅម្តុំផ្សារចាស់ គេឃើញមានប្រមាណជាជិត១០០រ៉ឺម៉ក និងតូបលក់លើចិញ្ចើមផ្លូវជាច្រើនទៀត ត្រូវបានគេឃើញយ៉ាងច្រើនផងដែរ សកម្មភាពបណ្តែតបណ្តោយឲ្យមានការលក់ដូរនៅលើផ្លូវយ៉ាងច្រើនបែបនេះហើយ បានជាគេឃើញមានការកកស្ទះចរាចរជារៀងរាល់ថ្ងៃ ។ នាពេលថ្មីៗនេះ បន្ទាប់ពីមហាជនបានរិះគន់សមត្ថកិច្ចជំនាញយ៉ាងចាស់ដៃរួចមក អ្នកកាសែតមួយក្រុមបានចុះទៅផ្តិតរូបភាពដោយផ្ទាល់ និងឃើញមានសកកម្មភាពរញ៉េរញ៉ៃដូចការលើកឡើងនោះមែន ។

លោកឧត្តមសេនីយ៍ត្រី ស៊ុនចំណាន ស្នងការរងទទួលផែនសណ្តាប់ធ្នាប់នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ការលក់ដូរតាមផ្លូវសាធារណៈ នៅម្តុំផ្សារចាស់ និងផ្សាររាត្រី នៃសៀមរាបគឺជាគោលការណ៍របស់ខេត្ត ហើយខាងកម្លាំងគ្រាន់តែចុះរៀបចំតាមកៅលការណ៍របស់សាលាខេត្តតែប៉ុណ្ណោះ ។

លោកបន្តថា ហ្នឹងគឺយើងមានផែនទីចត ថ្ងៃសេស និងថ្ងៃគូ ។ លោកបញ្ជាក់ថា មិនមានយកលុយពីអ្នកលក់ដូរតាមផ្លូវជាប្រចាំ ខែឬប្រចាំថ្ងៃនោះទេ ព្រោះនេះជាគោលការណ៍របស់ខេត្ត ។ លោកបញ្ជាក់ថា ហ្នឹងតាមការពិត យើងសម្រេចឲ្យពួកគាត់លក់តាំងពីចុង ឆ្នាំ២០១៧មកម្លេះ ។ ហើយបច្ចុប្បន្ននេះ ខេត្តហ្នឹងរៀបចំបណ្តើរៗឲ្យមានការចត រ៉ឺម៉កលក់ដូរទាំងនោះឲ្យបានត្រឹមត្រូវបន្តិច ទោះជាយ៉ាងណា គេក៏ធ្លាប់ឃើញសមត្ថកិច្ចជំនាញក្រុង និងខេត្តបានសហការគ្នាចុះរុះរើតូបលក់ដូរបែបអនាធិបតេយ្យ និងដេញអ្នកលក់នៅលើចិញ្ចើមផ្លូវជាច្រើនផងដែរ ប៉ុន្តែដេញនោះ ហាក់បានតែមួយដង្ហើមចង្រិតតែប៉ុណ្ណោះ ។

ទាក់ទិននឹងករណីនេះដែរ មហាជនសង្ឃឹមថា អាជ្ញាធរចម្រុះនៃខេត្តសៀមរាប អាចនឹងមានវិធានការធ្វើយ៉ាងណារៀបចំសណ្តាប់ធ្នាប់ក្នុងតំបន់ខាងលើឲ្យមានភាពល្អប្រសើរឡើងវិញ និងមិនមានលើកឡើងពីការបង់លុយកាក់ជាថ្នូរនឹងការដាក់លក់លើផ្លូវសាធារណៈតទៅទៀតទេ ៕ ប៊ុនរិទ្ធី


ចែករំលែក៖