ភ្នំពេញ ៖ នៅសាលាខណ្ឌសែនសុខ មានប្រារព្ធពិធី ប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខណ្ឌសែនសុខ អាណត្តិទី៣ នៅព្រឹកថ្ងៃ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ។
ពិធីប្រកាសចូលកាន់តំណែងនៅព្រឹកនេះ ដោយមានការអញ្ជើញចូលរួមពី លោកស្រី ឈាន សុខេន ជាប្រធានក្រុមប្រឹក្សា និងលោក កើត ឆែ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ រួមនឹងលោកអភិបាលខណ្ឌ អធិការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ និងចៅសង្កាត់ មេភូមិ និងប្រជាពលរដ្ឋទូទាំងខណ្ឌសែនសុខផងដែរ ។
គួររំលឹកផងដែរថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រលើសលុប និងគ្រប់គ្រងអាសនៈក្រុមប្រឹក្សា ស្ទើរតែទាំងស្រុង បន្តពីនោះ គឺគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច ។
លទ្ធផលផ្លូវការ ដែលប្រកាសដោយ គ.ជ.ប នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ បានបង្ហាញថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥០អាសនៈ គណបក្សខ្មែររួបរួមជាតិ ទទួលបាន៦អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៣អាសនៈ ក្នុងចំណោមអាសនៈ សរុប៥៥៩អាសនៈ។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាអាណត្តិទី៣ របស់ខណ្ឌសែនសុខ មានលោក ស្រី ឈាន សុខេន ជាប្រធានក្រុមប្រឹក្សា និងមានសមាជិកចំនួន ២១ រូប៕ តុងសីហា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច