ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ឃាត់ខ្លួនប្រុសស្រីជិត២០​នាក់ រួមនឹងថ្នាំញៀនចំនួន១៤០កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​បានចុះបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យប្រុសស្រីជិត២០​នាក់រួមនឹងថ្នាំញៀនចំនួន១៤០ កញ្ចប់តូច កាលពីម៉ោង០៦ និង៣០នាទីយប់ ថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់គ្មានលេខ ​(សំណង់មិនរៀបរយ) ផ្លូវរថភ្លើង ក្រុម២៦ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ដោយបានការអនុញ្ញាតពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងចូលរួមផ្ទាល់ពីលោក អ៊ុំ បញ្ញា ជាក្រឡាបញ្ជីអមផង ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយរងការិយាល័យប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ទោ ស៊ិន វណ្ណ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងប្រតិបត្តិការសរុបចំនួន១៥នាក់ត្រួតពិនិត្យឆែកឆេររកឃើញក្រាម ពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន១៤០កញ្ចប់តូច ។

បន្ទាប់មកក្រុមការងារខាងការិយាល័យប្រឆាំងគ្រឿងញៀនបង្រ្កាបតាមបណ្តោយផ្លូវរថភ្លើងឃាត់ខ្លួនមនុស្សបានចំនួន១៨នាក់ ស្រី០១នាក់ និងម៉ូតូចំនួន១២​គ្រឿងបន្ថែមទៀត ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖