ខេត្តសៀមរាប៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកវ៉ារិន ដេញតាមស្រាវជ្រាវ រហូតឃាត់ខ្លួនបានជាក់ស្តែង ទៅតាមបណ្តឹងរបស់ ជនរងគ្រោះ ករណីឆបោកដោយបានទម្លាក់មាសក្លែងក្លាយ ប្តូរយកមាស ពិតពីជនរងគ្រោះនៅតាមផ្លូវសាធារណៈ ។
លោក ឧត្ដមសេនីយ៍ ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាល ព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងថាបន្ទាប់ពីកម្លាំងនគរបាលបានទទួលបណ្តឹងរបស់ជនរងគ្រោះករណីឆបោកដោយបានទម្លាក់មាសក្លែងក្លាយប្តូរយកមាសពិតកម្លាំងនគរបាលមូលដ្ឋានស្រុកវ៉ារិន ក៏បានដាក់កម្លាំងល្បាតរហូតឃាត់ខ្លួនបានឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់=ទី ១. ឈ្មោះ ជួង សុភាព ហៅទូច ភេទប្រុស អាយុ៤៣ ឆ្នាំ ជាប្ដី ទី ២. ឈ្មោះ ឌី ន ចាន់ថុល ហៅម៉ូវ ភេទស្រី អាយុ ៣៩ ឆ្នាំ ជា ( ប្រពន្ធ ) បច្ចុប្បន្នស្នាក់នៅ ភូមិជ្រឹង ខាងលិច សង្កាត់កូនក្រៀល ក្រុង / សំរោង ខេត្តឧត្តរមានជ័យជាមួយគ្នា ពាក់ព័ន្ធ ករណី ឆបោក ( ទម្លាក់មាសក្លែងក្លាយប្ដូរយកមាសពិតពីជនរងគ្រោះ ) ។ ៣. ឈ្មោះ អ៊ុយ ណាត ភេទ ប្រុស អាយុ ៥០ ឆ្នាំមុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្ន ភូមិ ជ្រឹងខាងលិច សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធបទសមគំនិតអំពើឆបោក ។
លោកបន្តថា ដំណើររឿងនៅវេលាម៉ោង៩ និង៤០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុង ភូមិឫស្សីតូច ឃុំស្វាយស ស្រុកវ៉ារិន ខេត្ត សៀមរាប ជនរងគ្រោះ ឈ្មោះ អ៊ួន សាលួតភេទស្រី អាយុ៤០ ឆ្នាំទីលំនៅបច្ចុប្បន្ន ភូមិទួលរមៀត ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ជាមួយ និងកូនស្រី ឈ្មោះសូរិយាចាន់ដា អាយុ ១៨ ឆ្នាំ បានជិះម៉ូតូរបស់ ខ្លួនឆ្ពោះទៅផ្សារអង្គរជុំ ស្រុកអង្គរជុំ គោលបំណងរបស់គាត់យកប្រាក់ ទៅបង់ធនាគារលុះជិះម៉ូតូមកដល់ចំណុចខាងលិចសាលាបឋមសិក្សា ឫស្សីតូចស្ថិតនៅ ភូមិឫស្សីតូច ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ស្រាប់តែឃើញជនសង្ស័យមនុស្សស្រីម្នាក់ពុំស្គាល់ឈ្មោះ ជិះម៉ូតូ វ៉ាជនរងគ្រោះទៅមុនបាត់ដោយបានឃើញជ្រុះកញ្ចប់ចំនួន០១ដោយរុំ នឹង ក្រដាសជូតមាត់ពណ៌សមានប្រាក់ចំនួន២០០០រៀលរឹតកៅស៊ូកង បន្ទាប់មកស្រាប់តែឃើញជនសង្ស័យម្នាក់ទៀត ភេទប្រុស ជិះម៉ូតូ ០១ គ្រឿងទៀតពុំស្គាល់ឈ្មោះបានមករើសយកកញ្ចប់នោះរួចជនរងគ្រោះ ក៏ជិះម៉ូតូហួសទៅមនុស្សប្រុសដែលបានរើសនោះ ក៏ជិះតាមក្រោយមួយ សន្ទុះក្រោយមកស្រាប់តែស្ត្រីម្នាក់ដែលបានជ្រុះកញ្ចប់នោះបានត្រឡប់មកវិញដោយភ័យស្លន់ស្លោមកសួរជនរងគ្រោះថា មីងៗ បានឃើញ កញ្ចប់មាសដែលគាត់ជ្រុះមិញដែរឬអត់ ជនរងគ្រោះឆ្លើយថាមាន មនុស្សប្រុសម្នាក់បានរើសយក តែជនសង្ស័យ ភេទស្រីធ្វើជាស្តាប់ពុំបាន បន្ទាប់មកទៀត ជនសង្ស័យភេទ ស្រី ក៏បានមកសួរជន នោះតែគេ បានឆ្លើយថាពុំបានឃើញ ឬរើសបាននោះទេ រួចស្ត្រី ម្នាក់នេះ ក៏ជិះម៉ូតូ ត្រឡប់ទៅក្រោយបាត់ទៅបន្ទាប់មកជនសង្ស័យភេទប្រុស ក៏យកកញ្ចប់ មាសនោះ ( មាសក្លែងក្លាយ ) បបួលចែកគ្នាជាមួយជនរងគ្រោះដោយ ថាបានឃើញទាំងអស់គ្នារួចបបួលទៅចែកគ្នាក្នុងព្រៃខណៈពេលនោះ ជនសង្ស័យបាននិយាយថា មីងឯងយកមាសនេះទាំងអស់ទៅ ( មាស ក្លែងក្លាយ ) តែដោះខ្សែកមាស ដែលមីងពាក់ឲ្យមកខ្ញុំដើម្បីដោះដូរគ្នា ភ្លាមនោះ ជនរងគ្រោះ ក៏ដោះខ្សែ.កមាសរបស់ខ្លួនឲ្យជនសង្ស័យរួចមក ឡើងជិះ ម៉ូតូរៀងៗខ្លួន ដោយជនរងគ្រោះជិះចេញទៅទិសខាងលិច ហើយជនសង្ស័យ ក៏ជិះទៅទិសកើតលុះជនរងគ្រោះចេញបានចម្ងាយ ប្រហែល២០០ ម៉ែត្រ ក៏ភ្ញាក់ខ្លួនថាបានចាញ់បោកគេហើយ ក៏ប្តឹងរាយការណ៍ដល់សមត្ថកិច្ចតែម្តង ។
ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានដាក់កម្លាំង អន្តរាគមន៍ស្ទាក់តាមបណ្តាប៉ុស្តិ៍នីមួយៗ រហូតចាប់បានជនសង្ស័យចំនួន០៣នាក់ខាងលើ ។ ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុ ស្រង់ចម្លើយពួកគេបានសារភាពថាពិតជាបានធ្វើសកម្មភាពឆបោកយកមាសក្លែងក្លាយឆបោកយកខ្សែកមាសពីជនរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បន្នករណីនេះកម្លាំងនគរបាលជំនាញនៃស្រុកវ៉ារិនកំពុងរៀបចំ សំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង៣នាក់ទៅសាលាដំបូងខេត្តដើម្បី មានចំណាត់ការបន្តតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី