ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍​នៅខេត្តប៉ៃលិនស្លាប់២នាក់ និងរបួស២នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ ម៉ូតូ២គ្រឿង ជិះដោយមនុស្យ៤ម្នាក់ ក្នុងនោះបានរងរបួសធ្ងន់២នាក់ និងស្លាប់ភ្លាមៗ ២នាក់ ខណ:ដែលពួកគាត់នាំគ្នាផឹកស្រាស្រវឹងរួចជិះម៉ូតូល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត មកដល់ផ្លូវកោងក្រវាត់ ក្រុង ស្រាប់តែមានរថយន្ត ១គ្រឿងកំពុងបើកបរនៅពីមុខរួចជែងរថយន្តមិនផុត ត្រូវរថយន្តមិនស្គាល់ម៉ាកនោះកៀរម៉ូតូដួល ហើយម៉ូតូ១គ្រឿងទៀតមកពីក្រោយ បុក និងកិនពីលើបណ្ដាលឲ្យស្លាប់២នាក់ និង២នាក់ទៀត រងរបួសធ្ងន់ ត្រូវបានរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដឹកយកទៅព្យាបាល ។

ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងកាលពី​វេលាម៉ោង ១៩ និង១២ នាទី ថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ។ សមត្ថកិច្ចថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងរថយន្ត ១គ្រឿង និងម៉ូតូ២គ្រឿង នៅចំណុចផ្លូវក្រវាត់ ក្រុងស្ថិត​នៅក្នុង​ ភូមិ​ តាង៉ែនក្រោម ឃុំ​ស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្ត​ប៉ៃលិន​ ។ ភាគីរថយន្តបង្កមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានបើកគេចខ្លួនបាត់ ។

តាមសមត្តកិច្ចជំនាញនគរបាលចរាចណ៍ស្នងការខេត្តបានដឹងថា ជនរងគ្រោះ​ទាំង០៤ត្រូវបានគេស្គាល់ថា ទី១-ឈ្មោះ​ ឡាយ វ៉ាន់ ភេទ​ប្រុស អាយុ​ ២៥ ឆ្នាំ​ មុខរបរ កសិករ មានទីលំនៅរស់​នៅ ភូមិ សួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ បើកបរម៉ូតូម៉ាក ZOOMER-X ពណ៌ក្រហមលាយស ពាក់ស្លាក់លេខ ប៉ៃលិន 1C-4841 (ស្លាប់នៅកន្លែង ) ទី២-ឈ្មោះ​ យ៉ាន វន ភេទ​ប្រុស អាយុ​ ២៤ ឆ្នាំ មុខរបរ ជាងដែក​ មានទីលំនៅរស់​នៅ ភូមិ សួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ (ជាអ្នករួមដំណើរ រងរបួសធ្ងន់) ។ ទី៣-ឈ្មោះ​ សុខ ប៊ុនលៀម ភេទ​ប្រុស អាយុ​ ១៧ ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅរស់​នៅ ភូមិ សួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ (ជាអ្នករួមដំណើរ រងរបួសធ្ងន់) ។ ទី៤-ឈ្មោះ​ រ៉ូ ភេទ​ប្រុស​ អាយុ​៣១ ឆ្នាំ​ មុខរបរកម្មករ បើកបរម៉ូតូម៉ាក SMASH ពណ៌ ខ្មៅ គ្មានស្លាកលេខ មានទីលំនៅរស់​ក្នុង​ ភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។

មូលហេតុ​បណ្ដាល​មកពី​បើក​ម៉ូតូ​ជែង​គ្នា​ត្រូវ​​រថយន្តបើកកៀរ ។

បច្ចុប្បន្ន ជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត​ប៉ៃលិនដើម្បីសង្គ្រោះ​បន្ទាន់​ រីឯ​សពបុរស២នាក់​​ត្រូវបានសមត្តកិច្ចជំនាញប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី ។ ​ ចំណែកវត្ថុតាងត្រូវបានកម្លាំងជំនាញចរាចរណ៍ផ្លូវ​គោក​យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយតាមនីតិវិធីច្បាប់ ៕ ស សារ៉េត


ចែករំលែក៖