ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ និងបក្ខពួក៣នាក់ រងការចាប់ខ្លួនពីកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ នឹងប្រព្រឹត្តបទល្មើសជំរិតទារប្រាក់១៥០០ដុល្លារពីភ្នំពេញ មកដល់ខេត្តបន្ទាយមានជ័យ ក្រោយជនល្មើសលួងលោមជនរងគ្រោះ ជាមិត្តភក្តិទើបស្គាល់គ្នាចេញមកញាំបាយដោយឡើងជិះរថយន្តជាមួយជនសង្ស័យចាប់បិទមុខហើយយកស្កុតចងរុំដៃដាក់ក្នុងរថយន្តបើកគេចពីភ្នំពេញមកដល់ ក្រុងប៉ោយប៉ែត ។
ជនសង្ស័យ៣នាក់ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់ប៉ោយប៉ែត ស៊ី ធី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យជំរិតទារ ប្រាក់បានសម្រេចក្រោមការដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ដែលមានកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌខេត្ត និងកម្លាំងនគរបាល ក្រុងប៉ោយប៉ែតចុះប្រតិបត្តិការផ្ទាល់ និងមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ ។
ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ប្រាប់ឲ្យដឹងថា កម្លាំងនគរបាលខេត្តបន្ទាយមានជ័យបង្រ្កាបចាប់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសជំរិតទារប្រាក់ក្រោយទទួលបានព័ត៌មានពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ថាមានករណីចាប់ជំរិតទារប្រាក់ពីភ្នំពេញមកដល់ ខេត្តបន្ទាយមានជ័យ ។ បន្ទាប់ពីទទួលព័ត៌មាននោះហើយលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបញ្ជាមកលោកផ្ទាល់ដឹកនាំកម្លាំងការិយាល័យជំនាញ និងដាក់កម្លាំងពង្រាយត្រួតពិនិត្យតាមផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ ដើម្បីស្វែងរកចាប់មុខសញ្ញាជនសង្ស័យ ។ ប៉ុន្តែជនសង្ស័យ ក៏បានបើករថយន្តម៉ាកឡិចស៊ីស ៣០០ ពណ៌កាំម៉ៃ ស្លាកលេខ ភ្នំពេញ ២AL-៨០០៤ ដឹកជនរងគ្រោះគេចពីការឆែកឆេររបស់សមត្ថកិច្ចមកទម្លាក់ចោលនៅ ក្រុងប៉ោយប៉ែត ហើយពួកគេទាំង៣នាក់ទៅជួលផ្ទះសំណាក់ប៉ោយប៉ែត ស៊ីធីសម្រាក ។ ក្រោយពីទទួលបានប្រាក់១៥០០ដុល្លារ ពីក្រុមគ្រួសារជនរងគ្រោះដែលបានវេរចូលក្នុងកុងធនាគារជនសង្ស័យរួចហើយជាស្រេចនោះ ។
លោកស្នងការរងប្រាប់ឲ្យដឹងថាក្នុងចំណោម ជនសង្ស័យទាំង៣នាក់មានឈ្មោះ ព្រាប វណ្ណៈ ភេទប្រុស អាយុ២៩ ឆ្នាំជាអ្នកជនល្មើសដៃដល់ ប្រកបមុខរបរលក់ផលិតផលអាហារបំប៉ន បច្ចុប្បន្នរស់នៅ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ឈ្មោះវ៉ាន់ ស្រេត ភេទប្រុសអាយុ២៨ ឆ្នាំ រស់នៅក្នុង សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ ជាអ្នកសមគំនិត និងឈ្មោះ ព្រាប វណ្ណា ភេទប្រុសអាយុ២៣ ឆ្នាំ ជាអ្នកបើកបរ រស់នៅ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ ជាង្នកបើករថយន្ត និងជាប្អូនប្រុសបង្កើតជនដៃដល់ ។
លោកស្នងការរងឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ប្រាប់ឲ្យដឹងទៀតថា បើតាមចម្លើយពីជនរងគ្រោះឈ្មោះ ថៅ ណាក់ ភេទប្រុស អាយុ៣៧ ឆ្នាំ រស់នៅ សង្កាត់បឹងទំពុន ខ័ណ្ឌមានជ័យ ប្រាប់ថារវាងជនរងគ្រោះ និងជនដៃដល់ឈ្មោះព្រាប វណ្ណៈ ទើបតែស្គាល់រាប់អានជួបគ្នាគ្នាជាមិត្តភក្តិបានជាង១ ខែប៉ុណ្ណោះតាមរយៈហ្វេសប៊ុក ។ នៅមុនពេលកើតហេតុជនដៃដល់ឈ្មោះព្រាប វណ្ណៈ បានទូស័ព្ទទៅហៅជនរងគ្រោះពីកន្លែងធ្វើការដើម្បីញាំអាហារថ្ងៃត្រង់ ។
ក្រោយមកជនរងគ្រោះ ក៏បានមកជួបជនដៃដល់ និងបក្ខពួកហើយ ក៏ឡើងជិះរថយន្តជាមួយគ្នាចេញពីចំណុចម្តុំបុរីពិភពថ្មីចំការដូងចូលមក ក្រុងភ្នំពេញហើយ ក៏ជិះរថយន្តជាមួយគ្នាឆែលឆែលចុះឆែលឡើងនៅក្នុង ក្រុងភ្នំពេញជាង១ម៉ោង ទើបក្រុមជនដៃដល់ដឹកជនរងគ្រោះចេញពីភ្នំពេញឆ្ពោះមកខាងព្រែកលៀបបន្ទាប់មក ក៏ចាប់ជនរងគ្រោះបិទមុខយកស្កុតរុំដៃជាប់ដោយគំរាមកុំឲ្យស្រែកដោយពួកគេមានកាំភ្លើង ។ ជនដៃដល់បានឲ្យជនរងគ្រោះទំនាក់ទំនងទូរស័ព្ទមកក្រុមគ្រួសារទារប្រាក់៣ពាន់ដុល្លារ ឲ្យវេរចូលកុងធនាគាររបស់ជនដៃដល់ឈ្មោះ ព្រាប វណ្ណៈ ក្នុងនោះក្រុមគ្រួសារជនរងគ្រោះវេរប្រាក់ចូលធនាគារបានតែ១៥០០ដុល្លារប៉ុណ្ណោះ ។ ក្រុមគ្រួសារជនរងគ្រោះ ក៏បានប្តឹងទៅយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងបានទំនាក់ទំនងទទួលព័ត៌មានមកថាក្រុមជនល្មើសធ្វើដំណើរមកខេត្តបន្ទាយមានជ័យ កម្លាំងនគរបាល ក៏បានស្រាវជ្រាវបង្រ្កាបជនសង្ស័យ៣នាក់នៅក្នុងផ្ទះសំណាក់ប៉ោយប៉ែតស៊ីធី ក្រុងប៉ោយប៉ែត ។
លោកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌប្រាប់ឲ្យដឹងទៀតថា បើតាមចម្លើយសារភាពពីជនសង្ស័យឈ្មោះ ព្រាប វណ្ណៈ ប្រាប់ថា រូបគេចាប់ជនរងគ្រោះឈ្មោះ ថៅ ណាក់ ជាការប្រមាន ដោយខឹង និងជនរងគ្រោះនិយាយអាក្រក់ពីខ្លួនប្រាប់ទៅស្រីស្នេហ៍នៅប្រទេសអូស្ត្រាលីថារូបគេ និងមានសង្សារនៅស្រុកខ្មែរធ្វើឲ្យស្រីស្នេហ៍នៅអូស្រ្តាលីខឹងហើយឈប់ស្រលាញ់ធ្វើឲ្យបាត់បង់អនាគតដែលរូបគេគ្រោងត្រូវបានស្រីស្នេហ៍នៅប្រទេសអូស្រ្តាលីធានាទៅរស់នៅក្នុងប្រទេសអូស្រ្តាលីនៅពេលខាងមុខនេះ ។ ជនសង្ស័យទាំង៣នាក់ក្រោយពីកម្លាំងនគរបាលការិយាល័យជំនាញសាកសួរតាមនីតិវិធីរួចហើយ ក៏ត្រូវប្រគល់ឲ្យមន្រ្តីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់បញ្ជូនទៅភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា រយៈពេលជិត១សប្តាហ៍ចុងក្រោយនេះ ករណីជំរិតទារប្រាក់២លើកមកហើយ ដែលកម្លាំងនគរបាលខេត្តបន្ទាយមានជ័យបំបែកសំណុំរឿងបានសម្រេចក្នុងសំណុំរឿងជំរិតទារប្រាក់បង្ខាំង ដោយខុសច្បាប់រវាងជនជាតិចិន និងជនជាតិចិនជនល្មើស១២នាក់ និងជនរងគ្រោះ៣នាក់ និងចុងក្រោយករណីជំរិតទារប្រាក់រវាងជនជាតិខ្មែរ និងជនជាតិខ្មែរជនសង្ស័យ៣នាក់ និងជនរងគ្រោះ១នាក់ ៕ សំ វិច្ឆិកា