ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជាថ្នាក់លើ ឲ្យបង្ក្រាបឈើ ដូចវាយឆ្នាំងបាយជំនាញ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ឈើឡាំងប្រភេទម្រេញចំនួន៥៤កំណាត់ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្ត និងអាជ្ញាធរស្រុក ចុះបង្ក្រាបកាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្រោយផ្ទះរបស់ប្រជាពលរដ្ឋក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ការចុះបង្ក្រាបនេះត្រូវបានដឹងថា ធ្វើឡើង ក្រោមការចង្អុលបង្ហាញពីលោក វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។ ដឹកនាំកម្លាំងបង្ក្រាប ដោយលោក ឧត្តមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នឹងមានការសហការចូលរួមពីលោក មួង ធីអភិបាលស្រុកឱរ៉ាល់ ព្រមទាំងលោក វរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគបាលស្រុកឱរ៉ាល់ផងដែរ ។

បើតាមលោកឩត្តមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរងបាននិយាយឲ្យដឹងគំនរឈើដែរត្រូវបង្ក្រាបបានខាងលើ មានចំនួនសរុប(៥៤ដុំ)កំណាត់ ស្មើនឹងជាង(១២ម៉ែត្រគូប) ១២,៥៣៨ម៉ែត្រគូបដែល ឈើមានមុខកាត់ ៣០ជុំទៅ៤០ជុំ សុទ្ធសឹងតែជា ប្រភេទ ឈើម្រេញ នឹងត្រសេកផងដែរ ។ ក្រោយពីការបង្ក្រាបរួចមក ឈើទាំងអស់ត្រូវបាន លោកឧត្តមសេនីយ៍ត្រី ប៊ុត ចាន់តារា នឹងលោក មួង ធី ប្រគាល់ជូនទៅខាងមន្ត្រីជំនាញ(បរិស្ថាន)ស្នាក់ការដែនជម្រកសត្វព្រៃភ្នំឳរ៉ាល់ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ស្តីអំពីព្រៃឈើ ។

បើតាមការឲ្យដឹងពីសមត្ថកិច្ចនិយាយថាឈើខាងលើនេះម្ចាស់មានឈ្មោះរិត និងឈ្មោះឆរ. រស់នៅសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ហើយការដឹកជញ្ជូនឈើខាងលើនេះចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដឹកតាមគោយន្តកន្ត្រៃយកមករក្សាទុកស្តុបក្រោយផ្ទះពលរដ្ឋខាងលើ ក្រោមការគ្រប់គ្រងរបស់លោក ខន សុខខុន ប្រធានការរិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។ ការដឹកជញ្ជូនឈើនេះមានការឃុបឃិត និងបើកភ្លើងខៀវពីមន្ត្រីបរិស្ថានក្នុងការបង់លុយជាថ្នូរ និងការមិនចាប់បង្ក្រាប ។ ហើយកន្លងទៅថ្មីៗនេះប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋចុះបង្ក្រាបម៉ាស៊ីនអារឈើខុសចំនួន៣កន្លែងផ្សេងគ្នាដកហូតបានឈើជាង៤០ម៉ែត្រគូប និងជាង១០០កំណាត់ផងដែរក្នុងដែនគ្រប់គ្រងរបស់លោកខន សុខខុន តែម្តង ។ លើកនេះបើកុំតែមានការចង្អុលបង្ហាញពីឯកឩត្តមអភិបាលខេត្តទើបមានការបង្ក្រាបបែបនេះ ហើយអស់លោកខាងជំនាញបរិស្ថានច្បាស់ជាជិះសេះលែងដៃបន្តជាក់ជាមិនខាន ។

មានការលើកឡើងថាកក្តានេះហើយដែលធ្វើឲ្យព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់រងនូវវិនាសហិនហោចអស់នោះ ។ ប្រជាពលរដ្ឋអ្នករកស៊ីដឹកផលអនុផលព្រៃឈើលក្ខណគ្រួសារសូមសំណូមពរដល់លោកអែម សុគន្ធ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងលោករដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាចាត់កម្លាំងជំនាញអធិការកិច្ចចុះពិនិត្យទង្វើរបស់លោកខន សុខុន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នេះផងបើបណ្តែតបណ្តោយតទៅទៀតច្បាស់ជាព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់រលាយអស់ជាក់ជាមិនខានឡើយ ៕ សេនាស័ក្តិ


ចែករំលែក៖