ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋ រស់នៅក្រុងព្រះសីហនុមួយរូប ចាប់អារម្មណ៍យ៉ាងខ្លាំងអំពីបញ្ហាសំរាម ដែលត្រូវបានអណ្តែតលើផ្ទៃទឹកពាសវាលពាសកាល ក្រោយភ្លៀងមួយមេកាលពីពេលថ្មីៗនេះ ។ នៅតាមបណ្តាផ្លូវតូច ធំ ក្នុងទីក្រុង ពោរពេញទៅដោយគំនរសំរាម ដែលអាជ្ញាធរព្យាយាមដោះស្រាយច្រើនលើក ច្រើនសារមកហើយ ប៉ុន្តែនៅតែមិនអាចចាត់វិធានការប្រមូលសំរាមឲ្យអស់ពីលើដងផ្លូវក្នុងទីក្រុងនេះបាន ។ ពាក់ព័ន្ធបញ្ហាជំនន់ទឹកភ្លៀងលិចទីក្រុងនេះវិញ ខ្ញុំមិនរំពឹងថា អាជ្ញាធរ ទាំងក្រុង និងខេត្ត អាចដោះស្រាយបញ្ហាបានឡើយ ពីព្រោះលូបង្ហូរទឹក ឬប្រព័ន្ធបង្ហូរទឹកក្នុងទីក្រុងនេះត្រូវបានលុបអស់ទៅហើយ ។
មិនថាមុខផ្ទះគេ ឬមុខផ្ទះខ្ញុំបាទនោះទេ សំរាមត្រូវបានគរយូរថ្ងៃទម្រាំបានរថយន្តមកប្រមូលម្តងៗ ។ ខ្ញុំបាទសង្កេតឃើញអាជ្ញាធរក្រុង ក៏ដូចជាអាជ្ញាធរខេត្តបានកោះប្រជុំញឹកញាប់ខ្លាំងណាស់ទៅហើយ អំពីបញ្ហាសំរាមនៅក្នុងទីក្រុងនេះ ។ តាមអ្វីដែលជាការប្រជុំនោះ គួរណាស់តែមានលទ្ធផលវិជ្ជមាន ដុំកំភួន ឬនិយាយឲ្យខ្លី គ្មានសំរាមនៅលើចិញ្ចើមផ្លូវទៀតទេ ។ ប៉ុន្តែទីបំផុតទៅ ការប្រជុំដែលប្រារព្ធឡើងនៅក្នុងបន្ទប់បំពាក់ដោយម៉ាស៊ីនត្រជាក់នោះគ្មានបានលទ្ធផលអ្វីគួរឲ្យកត់សម្គាល់ឡើយ ។ ប្រជុំចេះតែប្រជុំ សំរាមចេះតែបន្តគរកើនឡើង ។ អាជ្ញាធរអាចនិយាយថា បានលទ្ធផលវិជ្ជមានច្រើនណាស់ហើយ ប៉ុន្តែទិដ្ឋភាពជាក់ស្តែងសំរាមនៅតែគរស្ទើរគ្រប់ដងផ្លូវនៅក្នុងក្រុងមាត់សមុទ្រមួយនេះ ។ នៅពេលដែលភ្លៀងជន់លិចទីក្រុង ធ្វើឲ្យសំរាមអណ្តែតលើទឹកហូរចូលទៅក្នុងផ្ទះ ដែលទិដ្ឋភាពបែបនេះ ប្រជាពលរដ្ឋ ក៏ដូចមហាជនស្រមៃមើលចុះថា តើវាយ៉ាងម៉េច?
នៅពេលដែលប្រជាពលរដ្ឋនិយាយអំពីបញ្ហាសំរាម មានថ្នាក់ដឹកនាំខ្លះ លាបពណ៌ថា ក្រុមនោះជាក្រុមប្រឆាំង ឬយ៉ាងនេះ យ៉ាងនោះ ដោយមិនយល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ។ ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋយល់ហើយថា អាជ្ញាធរពិតជាប្រឹងប្រែង ពោលគឺប្រជុំនោះមហាប្រជុំ ដើម្បីដោះស្រាយបញ្ហាសំរាម ប៉ុន្តែប្រជុំយូរទៅ សំរាមកាន់តែគរច្រើនឡើង ។ ដូច្នេះអាជ្ញាធរគួរតែលុបចោលការប្រជុំ ហើយរួមគ្នា ទៅកើបសំរាមទាំងនោះវិញល្អជាង ។ អ្វីដែលជាការខំប្រឹងប្រែងរបស់អាជ្ញាធរ ហាក់ដូចជាមិនបានឆ្លើយតបទៅនឹងអ្វីដែលកំពុងកើតមាននោះឡើយ ។ ខ្សែផ្លូវជាច្រើនរងការខូចខាតស្ទើរតែមិនអាចជិះម៉ូតូបាន ។ ប្រជាពលរដ្ឋក្នុងទីក្រុងធ្វើដំណើរទាំងប្រថុយប្រថាន ផ្សងគ្រោះថ្នាក់នៅពេលដែលមានភ្លៀង ហើយទឹកជន់លិចផ្លូវ ឬហូរចូលផ្ទះសម្បែងជាដើមនោះ ។
យើងខ្ញុំពិតជាយល់ថា ក្រុងព្រះសីហនុ ប្រឈមនឹងការលំបាក ឬមានបញ្ហាច្រើននៅពេលដែលមានការអភិវឌ្ឍ ។ ប៉ុន្តែបញ្ហាសំរាម មិនគួររាំងស្ទះ ឬធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់នោះឡើយ ។ ការកំណត់ពេលវេលាជាក់លាក់ឲ្យក្រុមហ៊ុនប្រមូលសំរាមធ្វើប្រតិបត្តិការ ឲ្យបានទៀងទាត់តាមអ្វីដែលបានកំណត់ គឺអាចបញ្ចៀសបញ្ហាកកស្ទះសំរាមនៅលើដងផ្លូវនោះបានខ្លះហើយ ។ យើងខ្ញុំមិនយល់ថា ហេតុអ្វីបានជាអាជ្ញាធរ ក្រុង ឬខេត្តមិនចាត់វិធានការក្រុមហ៊ុនប្រមូលសំរាមឲ្យចុះប្រមូលសំរាមឲ្យបានទៀងទាត់? អាជ្ញាធរបែរជាព្រមានប្រជាពលរដ្ឋបញ្ហាចោលសំរាមទៅវិញ ។ តើឲ្យប្រជាពលរដ្ឋគរសំរាមទុកក្នុងផ្ទះ នៅពេលដែលពលរដ្ឋបានចំណាយប្រាក់ជាប្រចាំខែយ៉ាងទៀតទាត់ឲ្យទៅក្រុមហ៊ុនប្រមូលសំរាមហើយនោះឬយ៉ាងណា? មិនបាច់ប្រជុំទៀតទេ! គឺគ្រាន់តែប្រាប់ក្រុមហ៊ុនឲ្យចុះមកប្រមូលសំរាមឲ្យបានទៀងទាត់និងឆាប់រហ័ស គឺគ្រប់គ្រាន់ហើយ ៕ ប្រជាពលរដ្ឋម្នាក់