ព័ត៌មានទាន់ហេតុការណ៍៖

ចូលរួមរំលែកទុក្ខតារាចម្រៀង ងួន កែវពេជ្រពិសិដ្ឋ ទទួលមរណភាពហើយ

ចែករំលែក៖

ភ្នំពេញ៖ ពិតជាគួរឲ្យសោកស្តាយដែលតារាចម្រៀង និងកំប្លែង ងួន កែវពេជ្រពិសិដ្ឋ បានទទួលមរណភាពហើយបន្ទាប់ពីតារារូបនេះមានជំងឺ មហារីកធ្វើទុក្ខត្រឹមជិតមួយឆ្នាំប៉ុណ្ណោះ​ ។

ជាតារាចម្រៀង និងកំប្លែង ចូលចិត្តនិយាយលេងសើច និងសម្តែងឲ្យទស្សនិកជនសើចសប្បាយ បែជាមកត្រូវឈឺស្គមរីងរៃដេកនឹងកន្ទេលព្រោះតែជំងឺមហារីកគួរឲ្យអាសូរហើយលោកបានទទួលមរណភាពកាលពីព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៩ ។ ដុំសាច់ដុះនៅលើទ្រូងខាងឆ្វេងគៀកជាប់នឹងបេះដូង បានធ្វើទុក្ខ និងបង្កើតឲ្យប៉ះពាល់ដល់ផ្នែកសួត និងបេះដូងដែលត្រូវឲ្យគ្រូពេទ្យបូបទឹកចេញជាប្រចាំទោះបីជាខិតខំអស់លទ្ធភាពពីក្រុមគ្រូពេត្យ ក៏ស្ថានភាពជំងឺហាក់មិនមានភាពប្រសើរឡើងនោះទេ ។ ជំងឺនេះ បានធ្វើទុក្ខជិតមួយឆ្នាំមកហើយរហូតដល់ក្រុមគ្រួសារព្យាយាមប្រឹងប្រែងព្យាបាលរហូតចំណាយទ្រព្យមានតម្លៃអស់ពីខ្លួន ។ ការបាត់បង់ជីវិតរបស់តារាចម្រៀង និងកំប្លែងរូបនេះបានបន្សល់ទុកនូវការសោកស្តាយអាឡោះអាល័យខ្លាំងពីសាច់ញាតិ និងមិត្តសិល្បៈរួមអាជីព និងជាការបាត់បង់ធនធានមនុស្សដ៏មានទេពកោសល្យផងដែរ ។

គួរបញ្ជាក់ដែរថាក្រៅពីតារាចម្រៀង លោក ងួន កែវពេជ្រពិសិដ្ឋ ក៏ជាអ្នកផលិតវីដេអូមួយរូបដែរ ដែលកន្លងមកធ្លាប់បានផលិតវីដេអូកំប្លែងឲ្យបងប្អូនសើចសប្បាយ និងវីដេអូអប់រំមួយចំនួនទៀត ។ ងួន កែវពេជ្រពិសិដ្ឋ បានព្យាយាមលាក់បាំងរឿងនេះ ទៅកាន់មិត្តភ័ក្កិ និងអ្នកគាំទ្រ ហើយលោកធ្លាប់បានចេញទៅព្យាបាលនៅប្រទេសថៃជាញឹកញាប់ និងមានបំណងវះកាត់ជំងឺដ៏កាចសាហាវនេះ ប៉ុន្តែដោយសារសុខភាព តារារូបនេះខ្សោយខ្លាំងទើបវេជ្ជបណ្ឌិតមិនប្រថុយនឹងការវះកាត់ទើបសម្រេចឲ្យមកបំប៉ណសុខភាពនៅផ្ទះសិន ។ ប្រភពបន្តថា ស្ថានភាពជំងឺតារាររូបនេះនៅមិនទាន់បានប្រសើរឡើងនៅឡើយ ដែលពេលនេះគាត់ត្រូវការទាំងកម្លាំងចិត្ត និងថវិកាដើម្បីជួយដល់ការព្យាបាលបន្ត ៕ វឌ្ឍនា


ចែករំលែក៖