ព័ត៌មានទាន់ហេតុការណ៍៖

រឿងចាស់មិនទាន់ចប់ផង រឿងថ្មីមកដល់មួយទៀត

ចែករំលែក៖

631:
ខេត្តកំពង់ស្ពឺ៖ ក្រុមអធិការកិច្ចទើបតែបិទការស៊ើបរឿងចាស់មិនទាន់បានប៉ុន្មានខែផង ពេលនេះរឿងថ្មីបានមកដល់បន្ថែមមួយទៀត បន្ទាប់ពីស្ត្រីមួយរូប ដាក់ពាក្យបណ្តឹងគោរពជូនសម្តេចក្រឡាហោម ស ខេង ដោយប្តឹងអតីតអធិការរង ស្រុកភ្នំស្រួចលោក អ៊ឹង ឡាយឆាយ ពីបទបរិហារ បង្កាច់កេរ្តិ៍ រំលោភលើលំនៅឋាន និងចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងគំរាមកំហែង ។

ជួបជាមួយអ្នកយកព័ត៌មានយើង លោកស្រី ទិត្យ ស៊ីណាត បានរៀបរាប់ថា “បន្ទាប់ពីលោកស្រីបានដាក់ពាក្យ បណ្តឹងទៅសម្តេចក្រឡាមហោម ដោយស្នើសុំជួយរកយុត្តិធម៌ អស់រះពេល២ខែមកហើយ នៅមិនទាន់មនក្រុមការងារអធិការកិច្ចចុះមកស៊ើបអង្កេតនៅឡើយ” ។

លោកស្រី ទិត្យ ស៊ីណាត បន្តថា “នៅក្នុងពាក្យបណ្តឹងលោកស្រី បានស្នើសុំសម្តេចមេត្តាជួយផ្តល់យុត្តិធម៌ ដល់លោកស្រី និងក្រុមគ្រួសារក្នុងករណីដែលឈ្មោះ អ៊ឹង ឡាយឆាយ និងបក្ខពួកបានរំលោភលើលំនៅឋាន ដោយចោទប្រកាន់លោកស្រី ពីបទសម្រួល និងផ្តល់ទីតាំងប្រើប្រាស់ នូវសារធាតុញៀនដោយខុសច្បាប់ ខណ:ដែលក្លឹបរបស់លោកស្រី បិទលែងដំណើរការតាំងពីថ្ងៃទី០១ កញ្ញា ២០១៨ ។ អ៊ឹង ឡាយឆាយ និងបក្ខពួកដឹកនាំដោយលោក សម សាមួន បានឡោមព័ទ្ធផ្ទះ និងទីតាំងក្លឹបរបស់លោកស្រី នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ក្នុងហេតុការណ៍នោះគេចោទប្រកាន់លោកស្រីថាផ្តល់ទីតាំងប្រើប្រាស់នូវសាធាតុញៀន” ។ លោកស្រីពិតជាកើតទុក្ខមិនសុខចិត្តនោះទេ ខណ:ដែលរឿងនេះ បង្កឡើយដោយឈ្មោះ អ៊ឹង ឡាយឆាយ ដោយលោកស្រីបានរំលឹកថា “កាលពីថ្ងៃទី២០ ខែតុលា ២០១៨ អ៊ឹង ឡាយឆាយ និងបក្ខពួកជិះរថយន្តពាក់ស្លាលលេខនគរបាល (មិនចាំលេខ) មកឈប់ចំកណ្តាលផ្លូវមុខផ្ទះលោកស្រី ហើយបើកកញ្ចក់ឡាន ហើយស្រែកហៅឈ្មោះប្តីលោកស្រីថា «ហៅអារួន ម្ចាស់ក្លឹបមកជួបអញ បើមិនមកជួបអញទេ ប្រយ័ត្នរស់មិនបានសុខ» ដែលទង្វើបែបនេះ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារលោកស្រីយ៉ាងធ្ងន់ធ្ងរ ព្រោះប្តីរបស់លោកស្រី ក៏ធ្លាប់ជាមន្ត្រីរាជការមួយរូបដែរ ដែលលោកទើបនឹងចូលនិវត្តន៍លើសពីនេះ វាក៏ផ្ទុយពីសីលធម៌ផងដែរ ដែលខ្លួនមានវ័យស្របាល និងកូនៗ លោកស្រី និងប្តី ហើយបែរជាមកស្រែកហៅប្តីរបស់លោកស្រី អា ម៉ឹង ពេញៗមាត់ដោយអាងលើអំណាចបុណ្យស័ក្តិរបស់ខ្លួន” ។

ប្រភពបន្តថា ក្រោយមកឈ្មោះ អ៊ឹង ឡាយឆាយ បានផ្តាំតាមអ្នកស្គាល់គ្នាថា គេនឹងរកគ្រប់មធ្យោបាយចាប់តាយាយពីរនាក់ប្តីប្រពន្ធហ្នឹងដាក់គុកឲ្យបាន ។ បន្ទាប់មកនៅយប់ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០១៩ ឈ្មោះ អ៊ឹង ឡាយឆាយ និងបក្ខពួកបានចុះមកឆែកឆេរទីតាំងក្លឹប ដែលលោកស្រីទើបតែទិញពីឈ្មោះ ហ៊ុន ហង់រី ស្ថិតនៅភូមទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទាំងដែលលោកស្រី មិនទាន់ចូលទៅគ្រប់គ្រងក្លឹបនោះនៅឡើយ ។

លោកស្រីបញ្ជាក់ថា ក្លឹបនេះលោកស្រីមានសិទ្ធិចូលគ្រប់គ្រងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ។ នៅពេលដែលឆែកឆេរឈ្មោះ អ៊ឹង ឡាយឆាយ និងបក្ខពួករបស់ខ្លួន បានបំផ្លើសការពិត ដោយចាប់ជនវិកលចរិតមិនស្គាល់អត្តសញ្ញាណម្នាក់ ហើយនាំមកទីតាំងក្លឹប រួចគ្នីគ្នារបស់គេបាននាំគ្នារើកកាយ និងបំផ្លិចបំផ្លាញសម្ភារនៅក្នុងក្លឹបមិនតែប៉ុណ្ណោះ គេបានចោទប្រកាន់លោកស្រីថា បានផ្តល់ទីតាំងឲ្យប្រើប្រាស់ នូវសារធាតុញៀនទាំង ដែលក្លឹបបិទទ្វារចាក់សោ មិនបើកអាជីវកម្ម ហើយគ្មានមនុស្សនៅទៀតផង ។

នៅថ្ងៃទី១៧ ខែឆ្នាំដដែល ឈ្មោះ អ៊ឹង ឡាយឆាយ និងបក្ខពួកបានចុះមកផ្ទះរបស់លោកស្រី ដែលមានចម្ងាយ២០ម៉ែត្រពីក្លឹប ហើយនាំខ្លួនប្តីប្រពន្ធពីរនាក់ឈ្មោះ រឿន គន្ឋា និងឈ្មោះ គឹម ឡុង ដែលជាអ្នកចាំផ្ទះរបស់លោកស្រី (បានរយ:ពេល២០ថ្ងៃ) ដោយលួងលោម ឲ្យចូលទៅទីតាំងក្លឹបធ្វើជាសាក្សីករណីចុះចាប់ក្លឹបកាលពីយប់មួយនោះ ។ ក្រោយមក ក៏នាំខ្លួនពីរនាក់ប្តីប្រពន្ធទៅកាន់ស្នងការនគរបាលខេត្ត ហើយបក្ខពួករបស់ អ៊ឹង ឡាយឆាយ បានបង្ខំឲ្យអ្នកទាំង២ផ្តិតមេដៃលើឯកសារមួយចំនួន ដែលមិនបានដឹងអំពីខ្លឹមសារ នៃលិខិតនោះឡើយ ហើយយកពួកគេទៅឃុំឃាំង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការឃុំខ្លួនរហូតបច្ចុប្បន្ន ។

ក្នុងនាមជនរងគ្រោះដែលត្រូវបានចោទប្រកាន់ពីបទផ្តល់ទីតាំងប្រើប្រាស់នូវសារធាតុញៀន សូមសំណូមពរដល់សម្តេច ក៏ដូចជាក្រុមការងារអធិការកិច្ច ដែលត្រូវបានថ្នាក់លើចាត់តាំងឲ្យចុះមកស៊ើបអង្កេតស្រាវជ្រាវ រកការពិត មេត្តាផ្តល់ភាពត្រឹមត្រូវដល់លោកស្រី និងក្រុមគ្រួសារផង ។

ក្នុងករណីនេះ បើក្រុមអធិការកិច្ចរកឃើញថា លោកស្រីពិតជាមានកំហុស និងប្រព្រឹត្តអំពើផ្ទុយពីច្បាប់មែន លោកស្រីសុខចិត្តទទួលទោសចំពោះមុខច្បាប់ ។ តែប្រសិនបើក្រុមអធិការរកិច្ចរកឃើញថា លោក អ៊ឹង ឡាយឆាយ និងបក្ខពួកបានប្រើប្រាស់អំណាចតួនាទីលើសដែនកំណត់ និងរំលោភបំពានមកលើប្រជាពលរដ្ឋ ស្នើសុំសម្តេចមេត្តាចាត់វិធានការទៅលើបុគ្គលទាំងនោះតាមផ្លូបច្បាប់ ។

សូមរំលឹកថា កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចចម្រុះមួយក្រុមដឹកនាំដោយលោកមសាមួនស្នងការនគរបាលខេត្តបាន ទៅឡោមព័ទ្ឋក្លឹបឌីស្កូមួយកន្លែងយីហោ គិរីរម្យក្លឹប ដោយចោទប្រកាន់ម្ចាស់ក្លឹបថាផ្តល់កន្លែងឲ្យប្រើប្រាស់នូវសាធាតុញៀន ។

មិនអាចសុំការពន្យល់បានទេ ពីលោក អ៊ឹង ឡាយឆាយ ពាក់ព័ន្ឋនឹងការលើកឡើងខាងលើ ។ បើតាមព័ត៌មានក្រៅផ្លូវការ គឺក្រុមអធិការកិច្ចនឹងចុះមកបើកការស៊ើបអង្កេតស្រាវជ្រាវករណីនេះ ក្នុងពេលឆាប់ៗនេះហើយ ។

គួរបញ្ជាក់ថា លោក អ៊ឹង ឡាយឆាយ ត្រូវបានថ្នាក់លើដកបញ្ឈរជើងបន្ទាប់ពីក្រុមអធិការកិច្ចរកឃើញថា បានស៊ីដាច់លុយ និងគ្រឿងអលង្ការបស់ស្ត្រី២រូប អស់ជាច្រើនទៅចែកបក្ខពួកក្នុងហេតុការណ៍ ចុះបង្ក្រាបគ្រឿងញៀនមួយនៅស្រុកភ្នំស្រួច ។ ក្រោយមកថ្នាក់លើតម្រូវឲ្យសងលុយ និងគ្រឿងអលង្កាមកម្ចាស់វិញ តែលោក អ៊ឹង ឡាយឆាយ បានឲ្យមួយចំនួន ឯនៅសេសសល់ ក៏ស្ងាត់បាត់ឈឹងរហូតសព្វថ្ងៃ៕ សេនាស័ក្តិ


ចែករំលែក៖