ភ្នំពេញ៖ យោងតាមផេកអគ្គនាយកដ្ឋានកុងកាំត្រូល បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃ២០ ខែមិថុនា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ៤ទីតាំង ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយទាំង ៤ផងដែរ ។ ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ ០១ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ ។
ក្រោយត្រួតពិនិត្យ រួចដោយសាររកឃើញជាលើកទី១ ទើបមន្ត្រីជំនាញ បានឲ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ ។ បើមន្ត្រីកាំកុងត្រូលរកឃើញកំហុសលើកទី ២មន្ត្រីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ ស តារា