ខេត្តពោធិ៍សាត់៖ យ៉ាងហោចណាស់ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗដ៏រន្ធត់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់គោយន្តកន្រ្តៃ ដឹកឈើអារ បួនជ្រុងវែងៗ ១គ្រឿង នៅគ្រាដែលជនរងគ្រោះកំពុងបើកបរ ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត ។
ហេតុការណ៍គោយន្ដកន្រ្តៃដឹកឈើក្រឡាប់សង្កាត់មនុស្សស្លាប់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥.៣៥.៣៦ ត្រង់ចំណុចផ្លូវស្ថានភាពគ្រោះថ្នាក់ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពពីមជ្ឈដ្ឋាននានានៅកន្លែងកើតហេតុ អ្នកបើកបរគោយន្តកន្រ្ទៃក្រឡាប់ ដោយឈើសង្កត់ស្លាប់ឈ្មោះ សែម យ៉ុម ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងរាំង ឃុំអភិវឌ្ឍន៍ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដឹកឈើអារបួនជ្រុងវែងៗបែបសសរផ្ទះចំនួន ២៤ដើម ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុផ្លូវស្ថិតក្នុងការគ្រោះថ្នាក់ (កោងចុះចំណោត) ម្យ៉ាងគោយន្ដបើកលឿនគួរសមដឹកធ្ងន់ទៀត ក៍ជួបគ្រោះថ្នាក់យ៉ាងរន្ធត់បែបនេះ ។
ប្រភពដដែលខាងលើបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍គោយន្ដកន្រ្តៃដឹកឈើ ក្រឡាប់ផ្ងារជើងសង្កាត់អ្នកបើកបរស្លាប់ដោយខ្លួនឯងនេះ មន្រ្តីជំនាញផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ សហការចុះពិនិត្យ និងស្រាវជ្រាវ ៕ បុឹម ពិន