ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីបរិស្ថានចុះបង្ក្រាបសាច់សត្វព្រៃ លើផ្លូវកែងផ្សារសាមគ្គី ក្រុងស្ទឹងត្រែង គឺបង្ក្រាបខ្យល់ សល់តែត្រគួត១ កូនឈ្លុស១ សាច់ងៀតពីរកូនដុំតែប៉ុណ្ណោះ ចាប់ពេលព្រឹក លក់វិញពេលល្ងាច

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ គេឃើញក្រុមមន្ត្រីបរិស្ថាន មានគ្នាជិត១០នាក់ ដើរពេញលើផ្លូវ កែងផ្សារសាមគ្គីក្រុងស្ទឹងត្រែង ចុះមកបង្ក្រាបក្រុមឈ្មួញជួញដូរសាច់សត្វព្រៃ ដែលពួកឈ្មួញ តែងតែយកមកដាក់លក់ ពេញលើផ្លូវបន្លំជាមួយបន្លែ ត្រី សាច់ជ្រូក សាច់គោ ហាក់បីដូចមិនរាងចាល មិនខ្លាចរអា និងសមត្ថកិច្ច មន្ត្រីជំនាញ ជាពិសេសអាជ្ញាធរ ពាក់ព័ន្ធក្នុងខេត្តតែម្តង បង្ក្រាបណាស់ លក់កាន់តែផ្គើន ព្រោះបង្ក្រាបមិនដែលបាន ។

ដូច្នេះ ទើបសាធារណជននិយាយពីមាត់មួយ ទៅមាត់មួយហើយដាក់ការសង្ស័យថា ប្រហែលជាពួកគាត់ត្រូវរ៉ូវគ្នាជាប្រព័ន្ធ ទើបពួកឈ្មួញមុខដដែលៗទាំងនេះ ចាប់ហើយលក់បានវិញ លក់បានលើផ្លូវសាធារណៈយ៉ាងរលូន ដូចអាជីវករលក់ទូទៅធម្មតា ដូចគេឯងយ៉ាងគឃ្លើន និងច្បាប់គ្មានខ្លាចអីបន្តិចសោះ ។

ឬមួយក៏ពួកក្រុមឈ្មួញទាំងនេះ មានខ្នងបង្អែកធំ ឬក៏គេសែនសំណែនជូនសមត្ថកិច្ច ជំនាញគ្រប់លំដាប់ថ្នាក់អស់ហើយ ប្រហែលជាឆ្អែតឆ្អន់អស់ហើយ ទើបមានការទើសទាល់បង្ក្រាបមិនកើត ។

មុននឹងបង្ក្រាបនេះទៀតសោត គេត្រូវខលប្រាប់ក្រុមឈ្មួញទាំងនោះជាមុន ឲ្យវេចខ្ចប់ទុកដាក់មុន និងសមត្ថកិច្ចជំនាញចុះមកដល់ ឲ្យសេសសល់តិចតួចកុំឲ្យអស់ រួចធ្វើរត់ប្រសេចប្រសាច ជាការស្រេច ហើយជាក់ស្តែងគេសង្កេតឃើញថា ក្នុងការបង្ក្រាបនេះ ពុំដែលឃើញ មានការឃាត់ខ្លួនអ្នកលក់សាច់សត្វព្រៃ យកទៅដាក់ទោសទណ្ឌ ទៅលើមេឈ្មួញចាស់វស្សា ទាំងនោះទេ ឃើញតែចាប់ព្រឹក លក់ល្ងាច ចាប់ល្ងាច លក់ព្រឹកវិញ ហើយមុខឈ្មួញដដែលៗនោះ ថែមទាំងសើចចំអកលក់ឡើយថែមទៀត ។

នេះហើយដែលសាធារណជន ដាក់រហ័ស្សនាមថា សមត្ថកិច្ចទាំងនេះ ធ្វើនេះ គ្រាន់តែជាការសំដែងឆាកល្ខោន ឲ្យល្អមើលតែប៉ុណ្ណោះ ជាក់ស្តែងនៅវេលាម៉ោង៩ជាងព្រឹក ថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ។

ក្នុងការបង្ក្រាបនោះ បានតែសាច់ងៀត២កូនដុំ កូនឈ្លុះក្នុងពោះ១ និងសត្វត្រគួត១ តែប៉ុណ្ណោះ ព្រោះមានប្រៀបនាំសារប្រាប់មុនបង្ក្រាប តែក្រោយពេលការចាប់ យើងមិនដឹងថា គេយកទៅណានោះទេ មន្ត្រីបរិស្ថាននោះគ្រាន់តែឆ្លើយ ប្រាប់អ្នកសារព៌ត៌មានថា គេ និងបន្តបង្ក្រាបរហូត ឲ្យតែមានលក់គេ និងចាប់ទៀត ។

ជុំវិញរឿងនេះ លោកឡាយ ឡារ៉ូ អនុប្រធានមន្ទីរបរិស្ថានខេត្ត បានប្រាប់អ្នកសារព៌ត៌មានថាៈ លោកនៅភ្នំពេញមកប្រជុំ ហើយលោក ក៏មិនបានទទួលរបាយការណ៍នេះដែរ ។ លោកប្រាប់ថា ឲ្យសួរទៅលោកប្រធានមន្ទីរទៅ គាត់នៅកន្លែង ជាក់ស្តែងក្រុមការងារ មិនមានលេខទំនាក់ទំនង របស់លោកអេង ភារ៉ុង ប្រធានមន្ទីរបរិស្ថានខេត្ត ដើម្បីសុំការបំភ្លឺជុំវិញរឿងនេះទេ ៕ មាស សុផាត


ចែករំលែក៖