ខេត្តកំពង់ធំ៖ ករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធប្តីវៃប្រពន្ធ បណ្តាលឲ្យរងរបួស កាលពីវេលាម៉ោង១២ និង២៥នាទី ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិឈើទាល ឃុំកំពង់ចិន ត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា អំពើហិង្សាក្នុងគ្រួសារនេះបង្កឡើងដោយបុរសជាប្តី ឈ្មោះ កែវ បូរ៉ា អាយុ៥៤ ឆ្នាំ បានវៃទៅលើប្រពន្ធខ្លួនឯងបណ្តាលឲ្យរបួសចំខ្ទង់ច្រមុះ ។ ជនរងគ្រោះឈ្មោះ ហេង សុភា ហៅ ឆែប (ជាប្រពន្ធ) អាយុ៥១ ឆ្នាំ រងរបួសហើមលើខ្ទង់ច្រមុះចំនួនមួយកន្លែង កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ។
តាមការបញ្ជាក់ពីជនរងគ្រោះបានឲ្យដឹងថា កន្លងមកប្តីរបស់ខ្លួនឈ្មោះ កែវ បូរ៉ា គ្មានមុខរបរអ្វីពិតប្រាដកនោះទេ គឺដេកចាំតែស៊ីប៉ុណ្ណោះ និងរករឿងជេបញ្ចោវាយតប់ប្រពន្ធ កូន ជារៀងរាល់ថ្ងៃ ហើយក៏ធ្លាប់ជាប់ពន្ធ័នាគារចំនួនពីរដងរួចមកហើយដែរ លុះមកដល់ថ្ងៃកើតហេតុវេលាម៉ោងប្រហែល១២ និង០១នាទី ក្រោយពេលហូបបាយថ្ងៃត្រង់រួចខ្លួនបានប្រមូលចានយកទៅលាង ខណៈកំពុងតែលាង ស្រាប់ឃើញប្ដីឈ្មោះ កែវ ប៉ូរ៉ា ដើរសំដៅហើយដាល់មួយដៃចំផ្ទៃមុខ ត្រូវខ្ទង់ច្រមុះហើមប៉ោងតែម្ដង រំពេចនោះខ្លួនបានស្រែកហៅអ្នកជិតខាងឲ្យជួយ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុហើយបាន ឃាត់ខ្លួនជនបង្កជាប្តី កសាងសំណុំរឿងតាមនីតិវិធី ៕ ប៊ុនរិទ្ធី