ប្រទេសម៉ាឡេស៊ី ៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ ប្រទេសម៉ាឡេស៊ី គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោក ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានបន្ដ ចូលទស្សនកិច្ច សិក្សាស្វែងយល់ រោងពុម្ព ផលិតគម្ពីរអាលគួរអាននុលការីម ធំបំផុតទី២លើពិភពលោក បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីត ដែល បានបង្កើតឡើងដោយមូលនិធិ Restu Foun dation Malaysiaក្រោម ជំនួយឧបត្ថម្ភពីព្រះមហាក្សត្រ រដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី ។ ទស្សនកិច្ចរោងពុម្ពនេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវ និងថ្ងៃទី២១ មិថុនា ឆ្នាំ២០១៩ នៅម៉ាឡេស៊ី ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ រោងពុម្ពនេះត្រូវបានដាក់សម្ពោធដំណើរការបោះពុម្ព ក្នុង ឆ្នាំ២០១៧ ដែលមានទឹកប្រាក់ ធ្វើដើមទុនវិនិយោគចំនួន១៥លានដុល្លារ ដើម្បីចងក្រងប្រមូលផ្ដុំរចនាបទសិល្បៈ និងបោះពុម្ពគម្ពីរអាល់គួរអាន នុលការីមតាមភាសា នៃបណ្តាប្រទេសនានា ដែលចង់បាន ។ ក្នុងនោះកម្ពុជាតាម គម្រោងបោះពុម្ពបកប្រែ ជាភាសាខ្មែរ ចំនួន ១០០,០០០ក្បាល ដោយបានបញ្ជូនជាដំណាក់ កាលទីមួយ ៣២,០៣៣ និងគម្ពីរពុំមានការបក ប្រែ១០,២០០ក្បាលក្នុង ឆ្នាំ២០១២ ហើយក្នុងចុង ខែមិថុនានេះ និងបញ្ចូន១៧,០០០ក្បាលទៀត ។
លោកបន្ដថា៖ ប្រទេសម៉ាឡេស៊ីជាប្រទេស ប្រើភាសាមុស្លិមឥស្លាម ចំពោះការបង្កើតរោងពុម្ពនេះ ធ្វើឡើងដើម្បីលើកកម្ពស់កិត្យានុភាពវប្បធម៌សាសនា ឥស្លាម បន្តចូលរួមថែរក្សា ពង្រីកផ្សព្វផ្សាយនូវគម្ពីរដែលជាព្រះបន្ទូរបស់ ព្រះអល់ឡោះ ជាម្ចាស់ បានបញ្ចុះមកប្រជាជាតិឥស្លាមតាមរយៈព្យាការី មមូហាំម៉ាត់ តាំងពី១៤៤០ ឆ្នាំមុន ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ គម្ពីរអាល់គួរអាននុលការីម ជាព្រះធម៌ និងច្បាប់សម្រាប់មនុស្សលោកទូទៅយកជាត្រីវិស័យ ឆ្លុះបញ្ជាំងអប់រំ គោរព្ធប្រតិបត្ដិ និងការប្រណិប័តន៍ធម៌ ក្នុងពេលកំណើតមនុស្ស ជាពិសេស អ្នកកាន់សាសនាឥស្លាមអាចកើនដល់ ៣ពាន់លាននាក់ នៃចំនួនប្រជាជនពិភពលោកសរុប៩ពាន់លាន នាក់ ក្នុង ឆ្នាំ២០៥០ ។
គម្ពីរអាល់គួរអាន បានចែកជា៣០ភាគ១១៤ ជំពូក៦,៦១៦ធម្មខ័ណ្ឌ ៧៤,៤៣៧ពាក្យ៣២៥ ,៣៤៥តួអក្សរ ទាំងអស់នេះសុទ្ធតែជាព្រះបន្ទូលរបស់ អល់ឡោះជាម្ចាស់ តែមួយគត់ឥតក្លែងបន្លំ ឥតកែប្រែ និងឥតមានលាយឡំ និងសំដីរបស់បុគ្គលណាម្នាក់ឡើយ៕ សំរិត