ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖
«បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ក្នុងហេតុការណ៍បាក់អាគារកំពស់៧ជាន់ នៅខេត្តព្រះសីហនុ ដែលធ្វើឲ្យប្រជាជនជាទីស្រឡាញ់របស់យើងស្លាប់២៨នាក់របួស២៦នាក់ ក្រៅពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែជាទីគោរពសក្ការៈ និងជំនួយឧបត្ថម្ភរបស់ព្រឹទ្ធសភា រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ។ ខ្លួនខ្ញុំបានអំពាវនាវសុំសប្បុជនជួយឧបត្ថម្ភបន្ថែមដែលមកដល់ម៉ោង១២ថ្ងៃ២៥ មិថុនានេះ ទទួលទឹកប្រាក់គិតជាដុល្លាចំនួន 2,198,400 ដុល្លាអាមេរិក ។
ថវិកានេះ ត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់១មុឺនដុល្លារ សម្រាប់២៤នាក់ ឯ២នាក់ទៀត ដែលស្ថិតក្រោមគំនរបាក់បែកប្រម៉ាណជិត៦០ម៉ោង ដែលនៅរស់រានមានជិវិត ដោយសារការជួយសង្រ្គោះត្រូវបានឧបត្ថម្ភក្នុងម្នាក់ចំនួន៣មុឺនដុល្លារ ។ សរុបអ្នករបួសចំណាយអស់៣០មុឺនដុល្លារ ។
ថវិកានៅសល់1,898,400ដុល្លារត្រូវបែងចែកស្មើរៗគ្នាសម្រាប់អ្នកស្លាប់ចំនួន២៨នាក់ដែលក្នុងមួយនាក់ទទួលចំនួន67,800ដុល្លានេះមិនគិតពីថវិការាជរដ្ឋាភិបាល១មុឺនដុល្លាដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួនក្រោយ១ថ្ងៃនៃថ្ងៃកើតហេតុផងទេ ។
លោកសេង ទៀងនាយករងខុទ្ទកាល័យរបស់ខ្ញុំនឹងរៀបចំជូនក្រុមគ្រួសារសពតាមរយៈធនាគារដើម្បីធានាសុវត្តិភាពសម្រាប់ក្រុមគ្រួសារសព ។
ខ្ញុំសូមអរគុណចំពោះសប្បុសជនទាំងអស់ដែលបានជួយជាថវិកាសម្រាប់ជនរងគ្រោះទាំងអ្នកស្លាប់ទាំងអ្នករបួសដោយមិនគិតពីនិន្នាការនយោបាយ ។
ជាថ្មីម្តងទៀតសូមអរគុណ និងកោតសរសើរចំពោះកម្លាំងដែលបានចូលរួមជួយរុករក និងជួយសង្រ្គោះដែលបានបង្ហាញនូវការទទួលខុសត្រូវ ផ្តល់នូវក្តីអាណិតស្រឡាញ់ចំពោះជនរងគ្រោះក្នុងឋានៈជាជនរួមឈាមដូចគ្នា ។
សូមអរគុណផងដែរដល់កម្មករ និងអ្នកបច្ចេកទេសចិនដែលបានចូលរួមក្នុងកិច្ចការនេះតាំងពីការចាប់ផ្តើមរហូតដល់ការងារត្រូវបានបញ្ចប់ ។
(ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)» ៕