ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ខណៈដែលជនសង្ស័យជាជនជាតិវៀតណាម ដែលជាមុខសញ្ញាចោរលួចម៉ូតូ០១គ្រឿង នៅក្រុងបាវិតហើយ ត្រូវបានសមត្ថកិច្ចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីឃុំខ្លួនសាកសួរបណ្ដោះអាសន្ន ស្រាប់តែហែកដំបូលបន្ទប់ឃុំខ្លួនរត់គេចបាត់ស្រមោល ។
ហេតុការណ៍ហែកគុកនេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងក្រុងស្វាយរៀង ។
ពាក់ពន្ធ័ករណីនេះដែរ សមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា ពិតជាមានករណីខាងលើនេះប្រាកដមែន រហូតមកដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនឲ្យខាងតែបាន ។
សូមរំលឹកឡើងវិញថា កាលពីវេលាម៉ោង០៦និង១០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ គឺជាមុខសញ្ញាចោរលួចម៉ូតូ០១គ្រឿងម៉ាកSIRIUS ពណ៌ក្រហម-ខ្មៅ ពាក់ស្លាកលេខ 62-P1 452.03 (ស្លាកលេខវៀតណាម)ជារបស់ជនរងគ្រោះ ជនជាតិខ្មែរ កាលពីម៉ោង០៥និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។
ជនសង្ស័យមានឈ្មោះម៉ាយ កុងទឹងអាង(MAI CONG TUAN ANH)ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចាំវាំងហាយ ឃុំកូយ៉ូវ ស្រុកកូយ៉ូវ ខេត្តតៃនិញ ប្រទេសវៀតណាម ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ សេក ភ័ត្រ្តា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអង្គរសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង៕ យឹម សុថាន