ខេត្តកណ្ដាល៖ ជនជាតិវៀតណាមម្នាក់ សង្ស័យមានទំនាស់ជាមួយប្រពន្ធខ្លួនឯង បានជិះម៉ូតូលោតទឹកសម្លាប់នៅលើស្ពានព្រែកសំរោង បណ្ដាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចពាក់កណ្តាលស្ពានព្រែកសំរោង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសុខ សំណាង ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅភូមិដើមចាន់សង្កាត់ច្បារអំពៅ ខណ្ឌ័ច្បារអំពៅ ក្រុងភ្នំពេញ ។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ស្រ្តីជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅមុនកើតហេតុ ជនរងគ្រោះជាប្តី មានទំនាស់ពាក្យសម្តីជាមួយនឹងខ្លួន បានមួយសន្ទុះ ក្រោយមក ស្តាប់តែជនរងគ្រោះជាប្តីបាននិយាយថា អញមិនចង់រស់ទៀតទេ បន្ទាប់មក ក៏ស្ទុះទៅយកម៉ូតូជិះចេញក្រៅមកយ៉ាងលឿន ភ្លាមនោះប្រពន្ធ ក៏ជិៈម៉ូតូឌុបតាមក្រោយដែរ តែតាមមិនទាន់បានឃើញប្តីរបស់ខ្លួន ឈប់ម៉ូតូពាក់កណ្តាលស្ពាន ហើយលោតទំលាក់ទៅលើទឹកទន្លេ ខណៈនោៈប្រពន្ធបានស្រែកឆោឡោ ហៅទូកចាម និងសមត្ថកិច្ចជួយរុករកអស់រយៈពេលមួយម៉ោង ទើបឃើញជនរងគ្រោះ តែជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតទៅហើយ ។
សាកសពជនរងគ្រោះ ត្រូវបាន សមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ