ខេត្តឧត្ដរមានជ័យ ៖ តើលោកនាយឧត្ដមសេនីយ៍គៀត ច័ន្ទថារឹទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គិតយ៉ាងណា? ចំពោះមន្ត្រីក្រោមឱវាទ ប្ដីសក្ដិបី ប្រពន្ធសក្ដិ៥បែបនេះ ឬទុកឲ្យបង្ហូរឈាមគ្នាទើបមានវិធានការដោះស្រាយ ។
កាន់តែក្ដៅទៅៗពីមួយថ្ងៃទៅមួយថ្ងៃក្នុងករណីលោកអនុសេនីយ៍ឯក ប៉ែន សុភា មន្ដ្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោងខេត្តឧត្ដរមានជ័យ យកចិញ្ចើមផ្លូវដីរដ្ឋជាប់ព្រំដែនកម្ពុជា ថៃ ជួលឲ្យពលរដ្ឋលក់ក្រោមឆត្របួនម៉ឺនបាត(៤០០០០បាត)ក្នុងមួយខែ ។
នៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ មានសេចក្ដីរាយការណ៍មកថា ប្រពន្ធលោកអនុសេនីយ៍ឯក ប៉ែន សុភា និងបក្សពួកជាច្រើននាក់ នាំគ្នាទៅបង្កហិង្សា និងបោកទូរស័ព្ទ បុរសម្នាក់ដែលបានជួលកន្លែងលក់ ពីប្ដីរបស់ខ្លួន បង្ខំឲ្យរើអីវ៉ាន់ចេញទាំងពាក់កណ្ដាលយប់ ។
បុរសម្នាក់ឈ្មោះ អឿ សូវឿត ភេទប្រុស អាយុ៣៩ឆ្នាំរស់នៅសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដែលជាអ្នកជួលកន្លែងលក់ពីលោកអនុសេនីយ៍ឯក ប៉ែន សុភា មន្ដ្រីនគរបាលអន្តោប្រវេសន៍អូរស្មាច់ បានបញ្ជាក់ថា នៅវេលាម៉ោង១០និង៣០នាទីយប់មិញនេះ ប្រពន្ធលោកប៉ែន សុភា បានមកបង្កហិង្សា ចាប់យកទូរស័ព្ទបោកកម្ទេចចោល ហើយគំរាមនិងបង្ខំឲ្យពួកគាត់រើអីវ៉ាន់ចេញទាំងពាក់កណ្ដាលយប់ ទាំងប្ដីរបស់ខ្លួនមកយកប្រាក់ជួលកន្លែងរៀងរាល់ខែក្នុងមួយខែ៤ម៉ឺនបាត ។ ឈ្មោះ អឿ សូវៀតបានបន្តថា ក្រោយបង្កហិង្សា សមត្ថកិច្ចក៏បានហៅទៅសម្របសម្រួលនៅប៉ុស្ដិ៍នគរបាលអូរស្មាច់ទាំងយប់ ដោយបង្ខំឲ្យរូបគាត់ផ្ដិតមេដៃលើកិច្ចសន្យា ឲ្យគាត់លក់បន្តរយៈពេលបីខែនិងបង់ប្រាក់១១ម៉ឺនបាត ហើយឲ្យរូបគាត់ឡាយវីដេអូជាសាធារណៈ សុំទោសលោកប៉ែន សុភា តែគាត់បដិសេធ ព្រោះថា វាជារឿងពិតមានរឿងអីត្រូវសុំទោស ។
លោក ជ័យ វាស្នា មេប៉ុស្ដិ៍នគរបាលអូរស្មាច់បានឲ្យដឹងថា នៅពេលមានបញ្ហាឈ្លោះប្រកែកគ្នានៅច្រកទ្វារ លោកក៏បានហៅមកសម្របសម្រួលគ្នា កុំឲ្យឈ្លោះប្រកែកគ្នា នាំឲ្យខ្មាសថៃ ។ លោកបញ្ជាក់ថា មានតែការសម្របសម្រួលគ្នាទេ ទើបអាចបញ្ចប់រឿងបាន៕ ប៉ែន នួន