ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងក្នុងពិធី ប្រជុំផ្សព្វផ្សាយស្ដីពីដំណើរ ការរៀបចំ និងកសាងផែនការអភិវឌ្ឍ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញនេះថា៖ កិច្ចប្រជុំផ្សព្វផ្សាយផែនការអភិវឌ្ឍ នៅរាជធានីនេះ ក្នុងគោលបំណងបង្កើនការយល់ដឹងលើកកម្ពស់សមត្ថភាពក្រុមប្រឹក្សា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យមានសមត្ថភាពក្នុងការរៀបចំផែនការអភិវឌ្ឍន៍៥ឆ្នាំ និងការកសាងផែនការវិនិយោគ៣ឆ្នាំរំកិលទទួលជោគជ័យ។ លោក បន្ដថា៖ តាមរាជធានីខណ្ឌត្រូវមានសមត្ថភាព ការយល់ដឹង ដើម្បីចាត់ចែងធនធានរបស់ខ្លួនឲ្យប្រសើរឡើង ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន និងអភិបាលកិច្ចមូលដ្ឋានសំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋមានប្រសិទ្ធភាព តម្លាភាព និងករណីភាព ។
លោកបានបន្តថា៖ ក្រុមប្រឹក្សារាជធានីអាណត្តិទី៣ ក៏ដូចជាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេសបានកើតចេញពីការបោះឆ្នោតអសកលនាថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៩ កន្លងមក ដែលមានលក្ខណសេរីយុត្តិធម៌ ត្រឹមត្រូវ និងមានសម្លាភាព ។ ក្រុមប្រឹក្សារាជធានី និងបន្តខិតខំប្រឹងប្រែងបំពេញតួនាទីទៅតាមច្បាប់លិខិតបទដ្ឋានគតិយុត្ត ដោយមានការជួយសហ ការពីថ្នាក់ជាតិ ថ្នាក់ដឹកនាំរាជធានី ខណ្ឌ ទីចាត់ការទាំងអស់ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីឲ្យរៀបចំផែនការអភិវឌ្ឍ និងកម្មវិនិយោគ រៀបចំទៅបានល្អស្របតាមលក្ខណៈបច្ចេកទេស និងឆ្លុះបញ្ចាំងពីតម្រូវការចាំបាច់ជាក់ស្តែងរបស់ប្រជាពល រដ្ឋ ទៀមទាឲ្យយើងត្រូវប្រឹងប្រែងរួមគ្នាតាមរយៈកិច្ច សហការ នឹងសិក្សាឲ្យបានម៉ត់ចត់ អំពីតម្រូវការរបស់ប្រជាពលរដ្ឋ ធ្វើសមាហរណកម្មផែនការ នានារបស់អង្គភាព មន្ទីរជំនាញ បញ្ចូលរួមគ្នារៀបចំ សៀវភៅផែនការរួមតែមួយ គឺជាផែនការអភិវឌ្ឍ ៥ឆ្នាំអាណត្តិរបស់ក្រុមប្រឹក្សា។
លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងឱកាសនោះក៏បានណែនាំឲ្យ ក្រុមប្រឹក្សា មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញត្រូវអនុវត្តទៅតាមសៀវភៅណែនាំស្ដីពីការកម្មវិធីវិនិយោ៣ឆ្នាំរំកិលឲ្យបានពេញលេញ និងបំពេញទៅតាម គោល ការណ៍សំខាន់ៗ០៩ចំណុច ក្នុងនោះចំណុចទី១ គឺការចែករំលែកព័ត៌មានទី២តម្លាភាព ដោយមិនមានការលាក់លៀម គោល ការណ៍ និងការសម្រេចនានា ទី៣សុគុន្ធភាព និងសុខដុមនីយកម្ម ទី៤ ការចូលរួមពិគ្រោះយោបល់ ទី៥ ការឆ្លើយតបនឹងតម្រូវការ ទី៦ គណនីយភាពតាមបែបប្រជា ធិបតេយ្យ ទី៧ ប្រសិទ្ធភាព និងសុក្រឹតភាព សេដ្ឋកិច្ចសង្គម ទី៨ ការធានាចីរភាព ធនធានធម្មជាតិ និងបរិស្ថាន ទី៩ការធានាសមធម៌ មានន័យថា ការកងសាងផែនការអភិវឌ្ឍ ត្រូវធានាឲ្យមាន ការចូលរួមផ្តល់ផលប្រយោជន៍ឲ្យគ្រប់ភាគីពាក់ព័ន្ធពិសេសស្ត្រីកុមារ ជនពិការ ជនក្រីក្រ និងជនងាយរងគ្រោះ៕ សំរិត