ព័ត៌មានទាន់ហេតុការណ៍៖

ជនរងគ្រោះម្នាក់ ក្នុងចំណោមបីនាក់ ចេញពីផឹកស្រាក្រឡុក ដែលត្រូវជនមិនស្គាល់មុខ មានគ្នាជាង២០នាក់ ជិះម៉ូតូដេញកាប់ រងរបួសធ្ងន់ ស្រាល បីនាក់​​នោះបានស្លាប់ហើយ​

ចែករំលែក៖

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ លោក វរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅបានប្រាប់តាមទូរស័ព្ទថា ជនរងគ្រោះម្នាក់ ក្នុងចំណោមបីនាក់ ដែលចេញពីកន្លែងផឹកស្រាក្រឡុកវិញ ត្រូវជនមិនស្គាល់មុខមានគ្នាជាង២០នាក់ ជិះម៉ូតូតាមដេញកាប់រងរបួសធ្ងន់ ស្រាល បីនាក់ឈាមស្រោចពេញខ្លួននោះ បានស្លាប់ម្នាក់ហើយ​ កាលពីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ​ហើយក្រុមជនបង្ក សមត្ថកិច្ចកំពុងកំណត់មុខសញ្ញាបានហើយដែរ ពោលគឺកំពុងសហការគ្នាតាមចាប់ ។

ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះ ទេព​ ចន្ធី ភេទប្រុស អាយុ២៤ឆ្នាំ​ និងជនរងគ្រោះទី២ឈ្មោះ ស្រ៊ន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ (របួសស្រាល) ទី៣ឈ្មោះ កោក ភេទប្រុស អាយុ១៩ឆ្នាំ (របួសធ្ងន់) អ្នកទាំង៣មានទីលំនៅភូមិតាបេស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

គួររំលឹកថា ៖មួយរយះនេះនៅក្នុងក្រុងតាខ្មៅ បន្ទាប់ពីមានការបើកទីតាំងលក់ស្រាក្រឡុកមក គឺបទល្មើសមានការកើនឡើងយ៉ាងខ្លាំង ជាពិសេសអំពើហិង្សា និងដេញកាប់គ្នាជារៀងរាល់យប់បង្កឲ្យអសន្តិសុខយ៉ាងអនាធិបតេយ្យ ។ ​​ ដូចករណីនេះផងដែរ យុវជនបីនាក់ ត្រូវបានជនមិនស្គាល់មុខជិះម៉ូតូដេញកាប់រហូតរងរបួសធ្ងន់ ស្រាល ឈាមស្រោចពេញខ្លួនទាំងបីនាក់ នៅនឹងកន្លែងកើតហេតុ ហើយក្រុមជនបង្កបានបើកម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ២ នៅមុខវត្តព្រែកឫស្សី ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

វត្ថុតាងចាប់យក ម៉ូតូ១គ្រឿងម៉ាក wave100 ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1V-5161(របស់ជនរងគ្រោះឈ្មោះកោក) ។ ដាវ១ដើមប្រវែង៧០cm(របស់ជនសង្ស័យបន្សល់ទុកនៅកន្លែងកើតហេតុ) ។

ជនសង្ស័យ២០នាក់ (មិនស្គាល់អត្តសញ្ញាណ) ជិះម៉ូតូ១០គ្រឿង៖មានម៉ាក nex ពណ៌ស លាយទឹកក្រូច១គ្រឿង,nex ពណ៌សលាយខៀវ១គ្រឿង,let ២គ្រឿង,សង់ពណ៌ក្រហមសេរី២០១៩មួយគ្រឿង, ក្រៅពីនោះមិនចាំម៉ាក(គេចខ្លួន) ។

លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបាននាំគ្នាជិះម៉ូតូចេញពីផឹកស្រាក្រឡុកនៅមាត់ស្ទឹងក្បែររោងអ្នកតាថៃជឺតាខ្មៅ ហើយនៅពេលជិះដល់ស្តុបក្រពើហា ក៏ស្រាប់តែឃើញជនសង្ស័យខាងលើ ជិះដេញតាមរហូតដល់មុខវត្តព្រែកឫស្សី ជនរងគ្រោះក៏បត់មកស្តាំចូលតាមផ្លូវក្បែសង្កាត់ព្រែកឫស្សី ហើយម៉ូតូជនរងគ្រោះក៏ជ្រុលទៅបុកជាប់នឹងរបងសាលាសង្កាត់បណ្តាលឲ្យជនរគ្រោះឈ្មោះធីនិងឈ្មោះកោក ដួលដេកលើថ្នល់ ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះស្រ៊ន វិសាល បានរត់ចោលម៉ូតូ នៅសល់ជនរងគ្រោះ២នាក់ក៏ត្រូវក្រុមជនល្មើសយកដាវសាម៉ូរ៉ៃកាប់លើក្បាលបណ្តាលឲ្យមានរបួសស្នាមយ៉ាងធ្ងន់ ហើយក្រុមជនសង្ស័យបានជិះគេចខ្លួនបាត់ទៅ ។ រីឯជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកយកមកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ រួចបញ្ជូនទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញបន្តទៀត ។

ករណីនេះសមត្ថកិច្ចក្រុងតាខ្មៅ កំពុងបន្តកិច្ចការស្រាវជ្រាវ និងស៊ើបអង្កេត៕ ឆ ដា


ចែករំលែក៖