ភ្នំពេញ៖ រថយន្ត និងម៉ូតូប៉ះគ្នានៅចំណុចផ្លូវបែកជាបួន បណ្តាលឲ្យបុរសម្នាក់រងបួសធ្ងន់ ចំណែកម៉ូតូកល់ជាប់នៅក្រោមរថយន្តទៅមុខលែងរួច ។
ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង១១ និង១០នាទីយប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៦១កែង និងផ្លូវលេខ១៥៦ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរ និងបុរសម្នាក់ទៀតបើករថយន្តរ៉េហ្វ័រពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-9724 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២៦១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៌កណ្តុរល្មេះ ពាក់ស្លាកលេខ ភ្នំពេញ 1HI-9799 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ១៥៦ក្នុងទិសដៅពីកើតទៅលិចចំពាក់កណ្តាល ម៉ូតូពេញទំបណ្តាលជនរងគ្រោះដួលបោក នឹងថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះគ្លីនីកហុង ហាក់ដឹកយកទៅសង្គ្រោះភ្លាមៗ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ